ម្នាក់ឯង


 

នៅពេលដែលយើងនិយាយអំពីការដើរកម្សាន្ត យើងតែងតែនឹករលឹកឃើញអំពីការជួបជុំក្រុមគ្រួសារ ឬមិត្តភ័ក្តិដើរកម្សាន្តសប្បាយសើចក្អាកក្អាយ។ ប៉ុន្តែប្រសិនជានិយាយពីការដើរលេងកម្សាន្តម្នាក់ឯងនោះ ម្នាក់ៗប្រាកដជាលាន់មាត់ ដោយចោទជាសំណួរសួរថា “ដើរម្នាក់ឯងកើតដែរ?” ឬក៏ “ដើរម្នាក់ឯងអញ្ចឹងសប្បាយដែរ?” ឬ “ដើរម្នាក់ឯងមិនខ្លាចទេអី?” ជាក់ជាមិនខាន។ ប៉ុន្តែចំពោះរូបខ្ញុំវិញ ការដើរកម្សាន្តម្នាក់ឯងនេះ វាមិនមែនមិនត្រឹមតែមិនអាចទៅរួចនោះទេ ផ្ទុយមកវិញវាសប្បាយជាងពេលដែលខ្ញុំដើរកម្សាន្តជាក្រុមកទៀតក៏អាចថាបាន ពីព្រោះនៅពេលដែលខ្ញុំរៀនចប់ថ្នាក់ទី១២ភ្លាម គឺខ្ញុំធ្លាប់បានចេញទៅទីក្រុងបាងកកដែលរូបខ្ញុំមិនដែលបានឈានជើងជាន់ទឹកដីម្តងឡើយតែម្នាក់ឯង ទាំងដែលខ្លួនមិនធ្លាប់ដើរលេងឆ្ងាយៗសោះឡើយ។ នេះអាចជាបទពិសោធន៍ និងជាមេរៀនដែលបានផ្តល់ភាពក្លាហានឲ្យខ្ញុំអាចនិងចូលចិត្តធ្វើដំណើរដើរកម្សាន្តម្នាក់ឯងរហូតមកដល់បច្ចុប្បន្ន។

ព្រះសូរិយាយាងចាកមេឃាខិតចូលនិន្រ្ទានាទិសបច្ចិម។ បក្សីបក្សាហោះហើរស្រែកហ៊ោរកញ្រៀវពេញវេហា ត្រហោយហៅឃ្នីគ្នាចុះចូលសំបុក ព្រឹក្សារីរុកប្រញ៉ាប់កេសា វេលាចូលផ្ទុំចូលមកដល់ក៏ស្រពោនស្លឹក ស្រពោនផ្ការៀចំខ្លួនចូលដំណេក ចំណែករូបខ្ញុំពេលនេះ កំពុងតែរៀបចំសម្ភារនិងអាហារសម្រាប់ការយាត្រាទៅកម្សាន្តនៅលើដងភ្នំដែលមានទេសភាពអស្ចារ្យដោយព្រៃពឹក្សានិងអាកាសាប្រណីតបីដូចឋានសួគ៌នៅលើផែនដី គឺ “ឧទ្យានជាតិព្រះកុសុមៈ(គីរីរម្យ)”។ ខ្ញុំបានរៀបចំប្រមែប្រមូលសម្ភារសម្រាប់បោះជំរំដែលមានដូចជា តង់(?) ចង្ក្រាន កែវ កំសៀវ អាវភ្លៀង ភ្លើងកែវចួត(?) និងឧបករណ៍សម្ភារដទៃៗទៀតជាច្រើន។ ប៉ុន្តែខ្ញុំមិនមានហ្គាសនិងឆ្នាំងដាំបាយឡើយ ដូច្នោះហើយវាតម្រូវឲ្យខ្ញុំត្រូវទៅខ្ចីសម្ភារទាំងនេះពីបងប្រុសម្នាក់ដែលគាត់ចូលចិត្តធ្វើដំណើរដើរបោះជំរុំនេះ។ នៅពេលទៅដល់ផ្ទះគាត់ គាត់ក៏បានសួរខ្ញុំថា "តើធ្វើដំណើរទៅប៉ុន្មានអ្នក"?។ ខ្ញុំក៏ឆ្លើយថា "ខ្ញុំធ្វើដំណើរទៅម្នាក់ឯងទេបង"។ គាត់ក៏បាននិយាយដូចដែលអ្នកផងទាំងពួងនិយាយអញ្ចឹងដែរ។ ការដើរលេងម្នាក់ឯងនេះ វាអាចជារឿងចម្លែកសម្រាប់អ្នកដទៃ ប៉ុន្តែវាគ្មានអ្វីចម្លែកទេសម្រាប់ខ្ញុំទេ។

ព្រហាមព្រះសូរិយាបញ្ចេញរស្មីពីទិសឧត្តរ ខ្ញុំក៏បានរៀបចំអីវ៉ាន់និងឧបករណ៍ទាំងឡាយដាក់លើម៉ូតូ ហើយក៏បើកបរចេញទៅដំណើរឆ្ពោះទៅកាន់ទីតាំងបោះជំរំ។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំគីរីរម្យ វាមិនមានភាពលំបាកអ្វីឡើយ ដោយសារតែរថយន្តភាគច្រើនបានបែរទៅធ្វើដំណើរតាមផ្លូវល្បឿនលឿន ទើបធ្វើឳ្យផ្លូវជាតិលេខ៤នេះ មានសភាពស្ងប់ស្ងាត់ងាយស្រួលសម្រាប់បើកបរម៉ូតូ។ រយៈពេលពីរម៉ោងក្រោយមក ខ្ញុំក៏បានធ្វើដំណើរមកដល់ជើងភ្នំគីរីរម្យ ហើយក៏បានបន្តដំណើរឡើងទៅលើភ្នំគីរីរម្យបន្តទៀត។ បន្ទាប់ពីឡើងជិតដល់កំពូលភ្នំ ព្រះពាយបានបញ្ជេញឥទ្វិពលបោកបក់ពពកមកក្បែរនឹងកាយា ចំណែកឯព្រះភិរុណក៏មិនបង្អង់អាត្មា បានបង្ហូរទឹកភ្លៀងច្រាវៗមកប៉ះនឹងផ្ទៃមុខរបស់ខ្ញុំ។ ពេលនោះខ្ញុំក៏បានឈប់ម៉ូតូ ហើយពាក់អាវភ្លៀងដើម្បីការពារកុំឳ្យសើម ប៉ុន្តែដោយសារតែអំណាចនៃព្រះពាយបោកបក់ខ្លាំងពេកអាវភ្លៀងមិនអាចទប់ទល់ជាមួយកម្លាំងព្រះភិរុណនិងព្រះពាយបានឡើយ។ ខ្លួនប្រានរបស់ខ្ញុំបានទទឹកជោគអស់ គ្មានកន្លែងណាមិនសើមនោះឡើយ។ ដំណើរដើរស្ថាន(?)លើកនេះ បានជួបនឹងឧបសគ្គភ្លៀងព្យុះ ហើយផ្លូវឡើងទៅកាន់ស្ថានទី(?)បោះជំរុំនោះក៏មានភាពរអិលខ្លាំង ធ្វើឳ្យខ្ញុំពិបាកក្នុងការបើកបរបានលឿនដូចសព្វមួយដង។

បន្ទាប់ពីកាត់ព្យុះភ្លៀងអស់រយៈពេលប្រមាណជាមួយម៉ោងក្រោយមក ខ្ញុំក៏បានមកដល់ស្ថានទី(?)បោះជំរុំ ប៉ុន្តែព្រះភិរុណក៏នៅតែមិនបន្ថមបន្ថយឥទ្ធិពលភ្លៀងសោះឡើយ។ ខ្ញុំក៏សម្រេចចិត្តរៀបចំតង់ទាំងកណ្តាលភ្លៀងសស្រាក់សស្រាំ។ បន្ទាប់ពីបានរៀបចំតង់ហើយ ខ្ញុំក៏បានរើអីវ៉ាន់ចេញពីកាតាបដើម្បីមករៀបចំដាំបាយនិងធ្វើម្ហូបអាហារសម្រាប់បរិភោគក្នុងថ្ងៃនេះ។ ប៉ុន្តែជាអកុសល ខ្ញុំបានខ្ជីហ្គាសគេមកតែមិនបានយកទៅបញ្ចូល។ នៅកណ្តាលព្រៃភ្នំមិនដឹងជាអាចយកហ្គាសនេះទៅបញ្ចូលនៅទីណា។ ខ្ញុំក៏បានជិះម៉ូតូកាត់ភ្លៀងដើររកកន្លែងប្តូរហ្គាស។ ជាចៃដន្យខ្ញុំបានជួបបងកម្មករដែលកំពុងតែសាងសង់អគារនាតាមដងផ្លូ វហើយក៏សុំសួរគាត់អំពីកន្លែងប្តូរហ្គាស គាត់ក៏បានប្រាប់ខ្ញុំនូវកន្លែងតូបលក់អីវ៉ាន់តូចមួយដែលមានលក់អីវ៉ាន់សម្រាប់កម្មករដែលធ្វើការនៅទីនោះ។ ខ្ញុំពិតជាត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីបានប្តូរហ្គាសមកចំអិនអាហារបាន។ ខ្ញុំក៏បានត្រឡប់មកកាន់កន្លែងដែលខ្ញុំបោះតង់វិញ ហើយក៏បានរៀបចំដាំបាយ។ នៅពេលដែលខ្ញុំរើគ្រឿងទេសសម្រាប់ធ្វើម្ហូប ខ្ញុំរកមិនឃើញខ្លាញ់និងរ៉តឌី(?)សោះឡើយ។‌ ឱ!ខ្លួនអញអើយ មកដើរលេងម្នាក់ឯងភ្លេចមុខភ្លេចក្រោយ ហើយឥឡូវមេឃក៏មិនប្រណី។ ខ្ញុំក៏ត្រូវជិះកាត់ភ្លៀងម្តងទៀតដើម្បីទៅទិញគ្រឿងដែលខ្វះ។ នៅពេលដែលជិះតាមផ្លូវទៅរកទិញអីវ៉ាន់ ខ្ញុំក៏បានជួបបងកម្មករដែលបានប្រាប់ខ្ញុំអំពីកន្លែងតូបលក់អីវ៉ាន់បន្តិចបន្តួចនោះ។ គាត់បានញញឹមដាក់ខ្ញុំហើយក៏ស្រែកសួរថា ភ្លេចអីទៀតមែន? ខ្ញុំបានញញឹមហើយក៏ឆ្លើយតបទៅកាន់គាត់វិញយ៉ាងសុភាពរាបសារ។

ដូចពាក្យចាស់លោកពោលថា “ដើរឳ្យមានបី ស្តីឳ្យមានបួន”។ បើដើរម្នាក់ឯងតែងតែជួបបញ្ហាត្រូវដោះស្រាយម្នាក់ឯង ហើយភ្លេចមុខភ្លេចក្រោយមិនចប់មិនចេះហើយ តែបើយើងដើរគ្នាច្រើន នោះយើងនិងមានគ្នាជួយដោះស្រាយបញ្ហានិងជួយរំលឹកអំពីនេះអំពីនោះ។ ប៉ុន្តែក្នុងស្ថានភាពខ្លះតម្រូវឳ្យយើងត្រូវដើរផ្លូវតែម្នាក់ឯង យើងមិនអាចដើរជាមួយគ្នាច្រើនបានរហូតឡើយ។ ដូច្នេះហើយយើងត្រូវរៀនលត់ដំខ្លួនឯង ប្រឈមនិងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើងដោយខ្លួនឯង ហើយប្រសិនបើត្រូវការជំនួយ ចូរស្វែងរកជំនួយនៅតាមផ្លូវដែលយើងដើរទៅនោះតាមដែលអាចទៅរួច។ មានពាក្យបុរាណមួលពោលថា “ថោកអីនឹងដៃ ថ្លៃអីនឹងមាត់” យើងគួរចេះលើកដៃសំពះ ឬក៏ស្រែកសុំជំនួយពីអ្នកដទៃនៅពេលដែលយើងត្រូវការជំនួយ៕


Comments

Popular posts from this blog

ខ្ញុំក្រ