ដើមឈើលើភ្នំ

ដើមរដូវស្សាឈានមកដល់ ព្រះភិរុណមិនបង្អង់ទម្លាក់ព្រះកាយាបង្ហូរទឹកភ្លៀងស្ទើររៀងរាល់ថ្ងៃ។ ព្រៃព្រឹក្សា ដើមឈើតូចធំក៏បានរីកលូតលាស់ប្រែជាខៀវខ្ចី រីឯបក្សាបក្សីស្រែកច្រៀងរំពងអបអរទទួលរេដូវថ្មី ដែលជាវេលានៃការរៀបចំសំបុកសម្រប់គ្រួសារថ្មី។ រដូវវស្សានេះ ក៏ជារដូវមួយ ដែលប្រជាជនខ្មែរក្មេងចាស់ប្រុសស្រី ប្រញ៉ាប់ជើងដៃចាប់ផ្តើមធ្វើស្រែចម្ការ ប៉ុន្តែអ្នកធ្វើការរាជការដូចរូបខ្ញុំ មិនថារដូវប្រាំង រដូវវស្សា តែងតែប្រុងប្រៀបកាយាបម្រើកិច្ចការជារៀងរាល់ថ្ងៃ។ ថ្ងៃនេះជាថ្ងៃឈប់សម្រាកចុងសប្តាហ៍ ក្រុមគ្រួសារក៏ពិភាក្សាគ្នាថា គួរតែទៅដើរកម្សាន្តនៅឧទ្យានជាតិគីរិរម្យ ជាទីដែលស្អាតអស្ចារ្យនារដូវស្សានេះ ដើម្បីសម្រាកលំហែពីការងារលំហែកាយាបានម្តង។ ស្រេចគ្នាហើយ ក៏ទាញឡានបើកបោលឡើងទៅផ្លូវល្បឿនលឿនសំដៅទៅច្រកត្រែងត្រយឹង ដើម្បីបន្តឡើងទៅលើកំពូលភ្នំគីរីរម្យដែលជាទិសដៅកម្សាន្តរបស់ពួកយើង។ នៅអមសងខាងវិថី រក្ខា និងព្រឹក្សាលតាវល្លិដុះដេរដាសលើដៃ បង្កើតជាផ្ទាំងទស្សនីយភាពខៀវខ្ចី សណ្តំដួងហរទ័យេជនត្រាចរលើដងវិថីឱ្យលង់លក់ទៅក្នុងមន្តស្នេហ៍របស់ធម្មជាតិ។​ គយគន់ទេសភាពតាមដងផ្លូវមិនយូរប៉ុន្មាន រថ(?) ក៏បានឡើងមកដល់លើខ្នងភ្នំគីរីរម្យដែលមានដើមស្រល់ដុះពាសពេញដងខ្នងភ្នំ ផ្តល់ជាម្លប់ត្រជាក់ត្រឈឹងត្រឈៃ នាពេលពពកបោកបក់ខ្យល់មកតាមទិសនិរតី ចុងស្រល់ដែលដុះនៅទីទៃក៏បោកបក់រេរាំទៅតាមខ្យល់ ផ្តល់ជាសម្លេងដូរតន្រ្តីធម្មជាតិ​ ប្រគុំជាមន្តសណ្តំសោតាអ្នកដំណើរ។ ខ្ញុំសង្កេតឃើញថា នៅលើទីខ្នងភ្នំដ៏សែនខ្ពស់រាប់ពាន់ម៉ែត្រនេះ សម្បូរដើមឈើដុះខ្ពស់ត្រដតាមថ្ងៃ ហើយក៏មានដើមឈើតូចទីទៃដុះអបការពារដើមឈើធំខ្ពស់ត្រដទៅលើអាកាសា។​ ធម្មជាតិជាដើមឈើដុះលើភ្នំខ្ពស់ រស់នៅពិតអស្ចារ្យ អ្នកផងទាំងពួងសម្លឹងមើលពីនាយចម្ងាយឃើញជះរាងស្កឹមស្កៃឆើតឆាយស្រស់សង្ហា មានស្មៅ ដើមឈើតូចៗ ដុបកម្ពោត(?)ព្រៃជាបរិវារដុះអមត្រៀបត្រា ហាក់បីដូចជាទេវតាដែលហែហមអមព្រះឥន្ទ្រាធិរាជនា​ឰដ៏​អាកាស។ ប៉ុន្តែនៅពេលដែលខ្ញុំបានឡើងមកលើកំពូលភ្នំជាស្ថានទីដែលដើមឈើខ្ពស់សង្ហារស់នៅ និងមានដើមឈើតូចៗអមកាយា​ ខ្ញុំក៏បានដឹងរឿងរ៉ាវរបស់ដើមឈើដុះលើភ្នំខ្ពស់មួយនេះ ដែលអ្នកផងទាំងពួងមិនបានដឹង មិនបានឮ និងមិនបានឃើញ។ ដើមឈើខ្ពស់មួយនេះ​បានរៀបរាប់មកអស់ហើយថា​ នាពេលវេលាអកាសធាតុធម្មតា អ្នកចម្ងាយមើលមកឃើញខ្លួនអស្ចារ្យ ប៉ុន្តែព្យុះភ្លៀងបោកបក់មកមកាលណា​ អ្នកទាំងនោះរត់ចូលជ្រកទីរក្សាមានសុ​វត្ថិភាព រីឯខ្លួនត្រូវនៅរងខ្យល់បោកបក់ស្ទើររលំកាយា រងទឹកភ្លៀងសែនរងារឯកា​។ ចំណែកដល់វេលាព្រះសូរិយាអស់ស្តង្គតកាលណាដើមតូចៗ និងស្មៅជាដើមបានដេកលើកស្កប់ស្កល់សុបិន្តដល់ស្ថានសួគ៌ទេវា ឯដើមឈើខ្ពស់នេះណា ត្រូវត្រដរខ្យល់ព្យុះរាត្រីបោកបក់បំបាក់មែកបំបែកស្លឹកឥតប្រណី។ ពេលរាត្រីនេះដែរ ជាពេលដែលខ្លួនសញ្ជឹងគិតគូអំពីឬសដែលចាក់ដោតទៅក្នុងដី ថាតើគួរចាក់ទៅដល់ត្រង់ណៃ(?) ដើម្បីអាចទប់ខ្លួនឱ្យឈរបានជាប់រហូតទៅ នៅក្នុងព្យុះដ៏សែនកំណាចឃោរឃៅ និងពពកអ័ព្ទដ៏សែនឬស្យាបោកបក់មកលើកាយា ហាក់ដូចជាបក្សាត្រដាងស្លាបលើអាកាសាសម្លឹងមើលត្រីដែលខ្លួននឹងចាប់យកមកធ្វើជាចំណី គ្មានថ្ងៃបានស្បើយក្នុងចិន្តា ហើយគ្មាននរណាជួយគិត ជួយយល់សោះឡើយ។ ប៉ុន្តែដើមឈើដើមនេះ ទោះជាខ្លួនរងទុក្ខវេទនាប៉ុណ្ណា ក៏មិនរអ៊ូ មិននិយាយបរិយាយប្រាប់នរណា មានតែប្រឹងចាក់ឬសចូលក្នុងដីជ្រៅ និងត្រដរខ្យល់បោកបក់តាមធម្មជាតិ បន្តរស់ដុះលូតលើភ្នំខ្ពស់នេះ ដើម្បីជាម្លប់ត្រជាក់ដល់ធម្មជាតិដទៃបន្តរៀងរហូតទៅ។

ដើមឈើមួយនេះ​បានផ្តល់ប្រយោជន៍ច្រើនណាស់ចំពោះមនុស្ស។ ដើមឈើផ្តល់ជាម្លប់ មានផ្លែសម្រាប់មនុស្សសត្វបរិភោគ មែកឈសម្រាប់ធ្វើជាឧស តែមនុស្សលោភលន់ កាប់ស្ការដើមឈើបន្តិចៗម្តងៗ រហូតដល់ផ្តួករលំដើមឈើដែលតែងតែផ្តល់គ្រប់យ៉ាងមកឱ្យមនុស្ស។ នឹកឃើញរឿងកាបើឆ្ការ​ សុំឆ្លៀតនិទានរឿងមាណព និងអ្នកកាប់ឧសបន្តិចទៅចុះ។ កាលពីព្រេងនាយមានមាណពម្នាក់មកតាំងទីរស់នៅរក្សាដើមឈើទាំងឡាយនៅក្នុងព្រៃ។ មាណពតែងតែខិតខំថែរក្សាដើមឈើធំៗខ្ពស់ ឆ្ការវល្លិតិរច្ឆានចង្រៃដែលដុះតោងដើមឈើធំស្កឹមស្អៃឱ្យពិបាកក្នុងការលូតលាស់ទៅមុខ និងកម្ចាត់សត្វល្អិតតូចធំដែលតែងតែចង់មកយារយីដើមឈើធំមួយដើមនេះ។ មាណពក៏តែងតែជួយធ្វើកំណល់សម្រាប់ទប់ដើមឈើធំមួយដើមនេះ​ ដើម្បីឱ្យមានលំនឹងទប់ទល់នឹងខ្យល់ព្យុះសង្ឃរាដែលតែងតែមកយារយីឲឥតប្រណី។ ថ្ងៃមួយមានបុរសកាប់ឧសម្នាក់បានដើរមកប្រទះនឹងមាណពនិងដើមឈើដុះខ្ពស់មួយដើមស្កឹមស្កៃ។ បុរសកាប់ឧសក៏ចូលមកហើយនិយាយថា «ណែចៅមាណព! យើងមានពូថៅ និងកាំបិតដើម្បីជួយឆ្កាព្រៃកម្ពោតចង្រៃទាំងឡាយដែលរំខានដល់ការលូតលាស់របស់ដើមឈើ»។ មាណព និងដើមឈើសប្បាយចិត្តពន់ពេកឥតឧបមារ ព្រោះមានអ្នកជួយយកអាសារខ្លួន។ លុះព្រមព្រៀងគ្នាដាច់ស្រាច់ហើយ បុរសកាប់ឧសក៏ចាប់ផ្តើមកាប់ឆ្កាដើមឈើកម្ពោតចង្រៃដែលដុះនៅជុំវិញដើមឈើធំស្កឹមស្កៃនោះ។ អស់រយៈវេលាកន្លងមិនយូរប៉ុន្មាន ព្រៃវល្លិដុបកម្ពោតចង្រៃក៏ត្រូវបានបុរសកាប់ឧសកាប់ឆ្កាអស់គ្មានសល់ ហើយជាសំណល់បុរសកាប់ឧសបានយកឈើទាំងនោះទៅប្រើប្រាស់ជាប្រយោជន៍ខ្លួន។ លុះអស់ព្រៃកម្ពោតកាលណា បុរសកាប់ឧសក៏បន្តកាប់ឆ្កាដើមឈើតូចៗផ្សេងទៀតដែលដុះទប់ដើមឈើធំឱ្យលូតទៅលើបានស្កឹមស្កៃ  ដើម្បីយកឧសទៅលក់ជាប្រយោជន៍របស់ខ្លួន។ មិនយូរប៉ុន្មានដើមឈើតូចៗដែលដុះការពារដើមឈើធំស្កឹមស្កៃក៏ត្រូវបានបុរសកាប់ឧសឆ្កាអស់គ្មានប្រណី មាណពនិងដើមឈើបានត្រឹមតែអាល័យស្តាយព្រៃដែលតែងតែការពារទប់ទល់ខ្យល់ជាមួយនិងដើមឈើធំស្កឹមស្កៃនេះ។ លុះបុរសកាប់ឧសមិនមានឈើតូចកាប់ទៀត ក៏មានចិត្តលោភលន់បន្តកាប់មែករបស់ដើមឈើធំដើម្បីយកទៅលក់ជាកំរៃ។ មាណព និងដើមឈើធំបានឈើចុកចាប់ពេកក្រៃ មិនគួរណាឳ្យមនុស្សអប្រិយមកនៅជិតក្បែកាយានាំទុក្ខសោកាដល់អាត្មាដែលគិតថាគេយកអាសារ។ មាណពមិនដឹងថ្លែងដូចម្តេច ព្រោះខ្លួនគ្មានអាវុធដែលអាចប្រល័យបុរសកាប់ឧសនោះបាន បានត្រឹមតែសម្លឹងមើលគេកាប់ដើមឈើធំស្កឹមស្កៃនោះរហូតដល់ដួលរលំពីផែនដីនេះទៅ
          ដើមឈើដុះធំស្កឹមស្គៃ រងខ្យល់រងព្យុះ ប្រៀបដូចជាអ្នកដែលមានតំណែងខ្ពស់ ត្រូវត្រដរឈរគិតសញ្ជឹងរិះរកគ្រប់វិធីសាស្រ្តដើម្បីដោះស្រាយបញ្ហា និងការងារដែលថ្នាក់ដឹកនាំបានដាក់បញ្ជា។ រីឯដើមឈើកម្ពោតតូចៗដែលដុះត្រៀ​បត្រាអមសងខាងដើមឈើប្រៀបបានបរិវារ ដែលជួយបំពេញកិច្ចការបន្ទាប់បន្សំ។ ដើមឈើនិងកម្ពោតដែលដុះជុំវិញមានដើមឈើខ្លះជួយទប់ទឹកទប់ខ្យល់ តែក៏មានដើមឈើកម្ពោតវល្លិខ្លះក៏ចង្រៃតោងបឺតជញ្ជក់សារជាតិឥតប្រណី។ រីឯបុរសកាប់ឪសក៏ប្រៀបប្រដូចនឹងបរិវាអប្រិយ ដែលគិតតែពីប្រយោជន៍ខ្លួន មិនគិតជួយជ្រោមជ្រែងការងាររួមរបស់អង្គភាព មានតែកាប់ឆ្កាឥតប្រណីបន្តិចម្តងៗ បើគ្មានអ្នកមកឃាត់មកហាមទេ ក៏នឹងហ៊ានហែកកាប់ឆ្កាសូម្បីតែមេខ្លួនដែលតែងតែជួយជ្រោមជ្រែង។ មាណពដែលស្មោះស្ម័គ្រនឹងដើមឈើពេកក្រៃ គ្មានអំណាចអ្វីអាចតតាំងជាមួយបុរសកាប់ឧសបាន ប្រៀបនឹងមន្រ្តីស្មោះដែលគ្មានអំណាចគ្មានសិទ្ធិស្តី បានត្រឹមសម្លឹងឈរមើលគេវាយប្រល័យមេរបស់ខ្លួន។ នេះជាតថភាពពិតនៅក្នុងសង្កមការងារ មិនថាការងាររាជការ មិនថាការងារឯកជនឡើយ។ ខ្ញុំសង្ឃឹមថាអ្នកអានទាំងអស់ជាព្រៃកម្ពោតដែលដុះទប់ទឺករាខ្យល់ចាក់ឬសបណ្តឹងដី មិនមែនជាវល្លិដុះបឺតជញ្ជក់ឈាមឥតប្រណី ហើយក៏សង្ឃឹមថាអ្នកអានទាំងអស់មិនមែនជាបុរសកាប់ឧសអប្រិយ ជាបុរសកាប់ឧសដែលកាប់ឆ្កាត្រឹមតែព្រៃកម្ពោតចង្រៃ និងរក្សាទុកព្រៃឈើដែលតែងជួយជ្រោមជ្រែងអង្គភាពរៀងរាល់ថ្ងៃ។ ចំណែករូបខ្ញុំវិញមិនមែនដើមឈើកម្ពោតល្អ ក៏មិនមែនដើមចង្រៃ តែខ្ញុំនឹងព្យាយាមនឹងធ្វើឱ្យដូចដើមឈើប្រពៃ មិនធ្វើជាវល្លិចង្រៃបឺតប្រល័យអ្នកដទៃឡើយ ហើយក៏ព្យាយាមធ្វើជាបុរសកាប់ឧសល្អគប្បី កាប់ឆ្កាតែព្រៃកម្ពោធចង្រៃ និងរក្សាដើមឈើធំស្កឹមស្កៃ និងដើមឈើព្រៃកម្ពោតដែលជាបរិវារប្រពៃ ដើម្បីបន្តជួយជ្រោមជ្រែងដែនដីនៃបុរីដ៏អស្ចារ្យមួយនេះ៕​


Comments

Popular posts from this blog

ខ្ញុំក្រ