កម្ម (Karma)

  កម្ម

“មានរូបមានទុក្ខ” ជាឃ្លាដែលប្រជាជនខ្មែរតែងតែប្រើប្រាស់ជាការដាស់តឿននិងលើកទឹកចិត្តនៅពេលដែលជួបប្រទះបញ្ហាទាំងឡាយ។ ប្រាកដណាស់​ មនុស្សតាំងពីកើតបើកភ័ក្រ្តនេត្រាឃើញពន្លឺព្រះអាទិត្យ គឺតែងតែជួបរឿងលំបាកទាំងផ្លូវកាយ ផ្លូវអារម្មណ៍រាប់មិនអស់។ កូនង៉ាកើតចេញពីផ្ទៃម្តាយភ្លាមក៏ស្រែកយំង៉ាៗព្រោះតែឃ្លានអាហារ ធំបន្តិចកាលណាក៏ត្រូវមានជម្ងឺផ្សេងៗមកយាយីកាយា កុមារមួយចំនួនមិនអាចឆ្លងផុតដំណាក់កាលនេះបានក៏ត្រូវបាត់បង់ក្ស័យសង្ខារគួរឲ្យអាណោចអាធ័ម។ លុះពេញវ័យហើយ មនុស្សម្នាក់ៗក៏ត្រូវខ្វាយខ្វល់រឿងគូស្នេហា រឿងអនាគតជិវិតស្វាមីភរិយា រឿងរបររកស៊ី -- ទោះពេលនោះមិនសូវជាមានទុក្ខលំបាកខាងផ្លូវកាយក៏ត្រូវមកវេទនាខាងផ្អែកផ្លូវចិត្តនិងអារម្មណ៍។ រូបខ្ញុំក៏ជាមនុស្សមិនមែនជាទេវតា ដំណើរជីវិតនៅលើផ្លូវទុក្ខនេះក៏មិនសូវជាខុសពីដំណើរជីវិតរបស់មនុស្សទាំងពួងប៉ុន្មានឡើយ។ បើតាមទ្រឹស្តីព្រះពុទ្ធសាសនា ដំណើរសង្ខារជីវិតមិនទៀងរបស់សត្វលោកនេះ គឺអាស្រ័យទៅលើកម្មពីបុព្វជាតិនិងកម្មដែលមនុស្សម្នាក់ៗប្រព្រឹត្តធ្វើនៅក្នុងបច្ចុប្បន្នជាតិ(?)។ ​​

វេលារសៀលដែលសែងព្រះសុរិយាបន្ធូរបន្ថយថាមពលនៃរស្មីរបស់់ខ្លួន ខ្ញុំបានធ្វើដំណើរដោយរថយន្តចាកចេញទៅស្ថានទី(១)ដែលមានលក់ទំនិញមួយនៅក្បែរមាត់ទន្លេ។ ដោយសារតែពេលវេលានៅសល់ប្រមាណជាពីរបីម៉ោង បន្ទាប់បីទិញអីវ៉ាន់និងរបស់របរដែលត្រូវទិញរួចចប់សព្វគ្រប់ហើយ ខ្ញុំក៏សម្រេចចិត្តថាបររថ(២)ដើរកម្សាន្តទៅកាន់ស្ថានទី(?)ដែលមានធម្មជាតិឯអមដោយស្មៅនិងទឹកទន្លេក្បែរជាយដែននៃរាជធានីភ្នំពេញ ក្នុងគោលបំណងសម្រាកលំហែខួរក្បាលក៏ដូចជាប្រើពេលវេលាជាមួយធម្មជាតិនេះសម្រាប់ពិចារណាដំណើរនៃជីវិតនិងរិះរកមធ្យោបាយដោះស្រាយបញ្ហាដែលមានជារឿយៗ។​ ការធ្វើដំណើរឆ្លងសាឡាងកាត់ទឹកទន្លេមេង្គងហើយបន្តដំណើរកាត់ភូមិស្រុកប្រហែលជា៣០នាទីទៀតរបស់់ខ្ញុំបាននាំរូបខ្ញុំឲ្យមកដល់ស្ថានទីកន្លែងដែលមានវាលស្រែកំពុងរងការលិចលង់ម់លទៅហាក់ដូចជាសមុទ្រដែលដាច់់កន្ទុយភ្នែកមើលឃើញតែពក(?)កោះរដាក់រដុប។ មកដល់ទីកន្លែងមូយដែលអាចចតដើម្បីអង្គុយសម្រាកបាន ខ្ញុំក៏ឈប់ឡានអែបផ្លូវហើយដើរចុះពីផ្លូវសំដៅទៅក្បែរមាត់ទឹកដែលមានពោរពេញទៅដោយស្មៅព្រេច ដើមឬស្សីប៉េងប៉ុង​ ដើមស្វាយនិងដើមអំពិលសុះដេដាសក្បែរមាត់ទឹក។ ព្រះសុរិយាបានកំពុងតែររំកិលខ្លួនទៅទិសនិរតីហើយបន្ទាបកាយាទៅអែបនិងមាត់ទឹកបង្កើតបានជាផ្ទាំងទស្សនីយភាពនៃធម្មជាតិដ៏ជាទីគយគន់មួយ​ធ្វើឲ្យអារម្មណ៍ខ្ញុំលង់លក់ទៅនឹងទេសភាពដ៏ស្រស់ត្រកាលមួយនេះ។ ពន្លឺរស្មីសែងតាវ៉ាន់(៣)កំពុងតែសុងសែង(៤)ចែងចាំងនៅពន្លឺពណ៌មាសចាំងផ្លេកៗទៅលើផ្ទៃជលសាដែលលាតសន្ធឹងដាច់កន្ទុយភ្នែកនៅពីមុខខ្ញុំ។ ខ្ញុំកំពុងតែគយគន់ទេសភាពដ៏មហាអស្ចារ្យមួយនេះយ៉ាងភ្លឹកភ្លាំងគ្មានដឹងថាមានរឿងអ្វីកើតឡើងនៅក្បែរខ្លួនឡើយ។ កំពុងតែដាក់អារម្មណ៏ជ្រាលជ្រៅទៅក្នុងភាពស្រស់ស្អាតរបស់ធម្មជាតិ ខ្ញុំក៏បានលឺសម្លេង “ឌុប”(?) យ៉ាងលាន់ហាក់ដូចជាមានអ្វីធ្លាកមកលើដីយ៉ាងដំណំ។ ខ្ញុំក្រលែកទៅទីកន្លែងដែលបន្លឺសម្លេងនោះ។ នៅស្ថានទី(?)នោះ មានសត្វពស់ខៀវតូចច្រឡឺងមួយកំពុងតែរមួលខ្វៀនចុះឡើងៗនៅលើស្មៅមើលទៅមិនដឹងជាយ៉ាងណា។ ក្នុងពោះរបស់វាហាក់ដូចជាមានដុំធ្វីមួយមានទំហំធំជាងទទឹងនៃផ្ទៃពោះរបស់វាកំពុងរមៀលចុះរមៀលឡើងទៅតាមចង្វាក់់នៃការរមៀលខ្វៀនខ្វង់របស់សត្វពស់ខៀវដ៏សែនតូចមួយនោះ។ សត្វពស់ននៀលដេកដួលលើដីយ៉ាងវេទនា​​។​​ មួយសន្ទុះក្រោយមកកាយវិការកម្រើករបស់សត្វពស់តូចមួយនោះកាន់តែមានសភាពយឺតបន្តិចម្តងៗរហូតដល់ចុងក្រោយលែងមានឃើញកម្រើកសូម្បីបន្តិច។ សត្វពស់ខៀវនោះ​ដេកនៅយ៉ាងស្ងៀមស្ងាត់។ ខ្ញុំឃើញដូច្នោះក៏ទៅឆ្កឹះវាមើល តែជាអកុសលសត្វពស់ខៀវបានបាត់បង់ជីវិតបាត់ទៅហើយ។ នៅក្នុងសាកសពសត្វពស់មួយនេះ ខ្ញុំសង្កេតឃើញមានដុំពកធំៗជាងខ្លួនវា ប្រហែលជាសត្វចាបឬដុំអ្វីដែលវាឆីខុសបណ្តាលឲ្យចុកពោះធ្លាក់មកដីស្លាប់។ សត្វពស់ខៀវនេះបានលេបសត្វចាបជាចំណីបណ្តាលឪ្យចុកពោះស្លាប់ភ្លាមៗមួយរំពេច។ នេះជាកម្មវិបាករបស់សត្វពស់មួយនេះដែលបានលេបប្រហារជីវិតសត្វចាប ទើបខ្លួនត្រូវដេករងទុក្ខវេទនាឈឺចុកចាប់រហូតដល់ស្លាប់ភ្លាមៗមួយរំពេច។

កម្មវិបាកពេលខ្លះវាបង្ហាញឲ្យយើងឃើញភ្លាមៗនៅក្នុងខណៈវេលាដ៏ខ្លី តួយ៉ាងមានសត្វពស់ខៀវដែលបានបរិយាយនៅខាងដើម។ ប៉ុន្តែផលនៃកម្មពេលខ្លះវាអាចនឹងផ្តល់់ផលឲ្យឃើញនាពេលអនាគ ទាំងបច្ចុប្បន្នជាតិ(?) និង អនាគតជាតិ។​​ ខ្លួនខ្ញុំផ្ទាល់នេះប្រហែលជាមានកម្មពីបុព្វជាតិមកច្រើនពេកក្រៃ។ តាំងពីកើតង៉ាមក រាងកាយរបស់ខ្ញុំមិនដែលមានស្គាល់សេចក្តីសុខសប្បាយស្រួលកាយាបានយូរឡើយ។ រស់មកដល់សេព្វថ្ងៃនេះក៏ដោយសារតែថ្នាំពេទ្យ។​ កាលពីនៅតូចៗ មន្ទីពេទ្យគន្ធបុប្ផាគឺស្ទើរតែក្លាយជាផ្ទះខ្ញុំទៅហើយ។ លោកគ្រូពេទ្យអ្នកគ្រូពេទ្យចំណាំខ្ញុំបាន ទោះបីជាខ្ញុំធំដឹងក្តីហើយក៏ដោយ។ អ្នកជិតខាងតែងតែនិយាយថាខ្ញុំឈឺរហូតមិនគួរណាបានរស់ដល់ប៉ុណ្ណឹងសោះ។ គិតៗទៅពេលនោះ ខ្ញុំមានជម្ងឺប្រចាំកាយតាំងតែពីនៅតូចមិនទាន់ដឹងក្តី។ បើតាមទ្រឹស្តីព្រះពុទ្ធសាសនា នេះជាកម្មវិបាករបស់ខ្ញុំដែលខ្ញុំបានសាងពីបុព្វជាតិ។ ប្រហែលជាជាតិមុនៗ ខ្ញុំបានបៀតបៀនជីវិតសត្វច្រើនរាប់មិនអស់ទើបធ្វើឲ្យជាតិនេះត្រូវមានជម្ងឺឈឺប្រចាំកាយរហូតមកទល់បច្ចុប្បន្ន។ នៅក្នុងជាតិនេះ​ខ្ញុំមិនដែលបានបៀតបៀនរណាឡើយ តែសេចក្តីកម្មវេទនានៅតែតាមយាយីរូបខ្ញុំរហូតមកដល់សព្វថ្ងៃ។ រាងកាយរបស់ខ្ញុំពេលនេះហាក់បីដូចជាទូរស័ព្ទកញ្ចាស់ទ្រុឌទ្រោមមួយ។ ថ្មក៏លែងកាន់ភ្លើងបានយូរទៀតហើយ ប្រើបន្តិចក៏ត្រូវរលត់ ត្រូវសាកវាឡើងវិញ។ ពេលខ្លះនៅសុខៗក៏គាំងធ្វើអ្វីលែងបាន។ រូបកាយមួយនេះវាគ្មានអ្វីពិសេសទៀតឡើយ​សម្រាប់ខ្ញុំ។ វាបានធ្វើឲ្យខ្ញុំរងទុក្ខវេទនាមិនចេះចប់មិនចេះហើយ។ បន្ទាប់ពីខ្ញុំបានឃើញសត្វពស់ស្លាប់យ៉ាងទាន់ហន់មួយនេះ​ ខ្ញុំបាននឹកឃើញពេលវេលាដែលខ្ញុំត្រូវពុលអាហារយ៉ាងវេទនាស្ទើស្លាប់ស្ទើរស់ដូចសត្វពស់នេះ។ ពេលដែលខ្ញុំពុលអាហារម្តងៗ ក្នុងពោះរបស់ខ្ញុំសែនឈឺចុកចាប់ហាក់បីដូចជាមានដុំភ្លើងកំពុងឆេះយ៉ាងសន្ធោរសន្ធៅនៅក្នុងផ្ទៃពោះរបស់ខ្ញុំ។ ប្រហែលពីជាតិមុនខ្ញុំលេបសត្វទាំងរស់អស់ច្រើនដូចសត្វពស់នេះហើយមើលទៅ។

ទង្វើឬអំពើដែលយើងប្រព្រឹត្តពេលនេះវានឹងផ្តល់ជាកម្មវិបាកនាពេលអនាគត។​ នៅពេលដែលយើងប្រព្រឹត្តអំពើសុចរិតនោះផលនៃសុចរិតនឹងផ្តល់មកឲ្យយើងនូវសេចក្តិសុខសុភមង្គល។ ដូច្នេះហើយយើងជាមនុស្សដែលមានគំនិតអាចពិចារណាបែកចែកសេចក្តីល្អអាក្រក់បានគួរគប្បីប្រព្រឹត្តតែទង្វើទាំងឡាយណដែលនាំយើងទៅកាន់ទីស្ថានសុខស្ងប់សន្តិភាព។ នៅពេលដែលមនុស្សច្រើននាំគ្នាប្រព្រឹត្តតែសុចរិតតនោះពិភពលោកនិងពោពេញទៅដោយសេចក្តីសុខសន្តិភាពជានិរន្តរ៍។

(១) ស្ថានទី៖ ទីកន្លែង ទីស្ថាន (ភាសាសៀម)

(២) រថ៖ រថយន្ត (ភាសាខ្មែរសុរិន)

(៣) សែងតាវ៉ាន់៖ ពន្លឺព្រះអាទិត្យ

(៤) សុងសែង៖ បញ្ចេញរស្មី, ចែងចាំង​

Comments

Popular posts from this blog

ខ្ញុំក្រ