ផ្កាយតូច

 


ផ្កាយតូច

រៀងរាល់ថ្ងៃនេះ ខ្ញុំមិនសូវជាខ្វាយខ្វល់នឹងអ្វីផ្សេងឡើយក្រៅពីធម្មជាតិដ៏ស្រស់បំព្រងនៅជុំវិញខ្លួ​នរបស់ខ្ញុំ។ ធម្មជាតិដែលធ្លាប់តែស្រស់ស្អាតក៏កំពុងតែរលាយសាបបង់ទៅបន្តិចម្តងៗ ប្រៀបដូចជាទឹកកកដែលកំពុងរលាយក្រោមកំដៅថ្ងៃ គ្មាននរណាមួយចាប់អារម្មណ៍ឡើយ។ រាល់ព្រឹកព្រលឹមខ្ញុំតែងរំពឹងថាងើបទៅមើលថ្ងៃរះដែលជាពេលវេលាដ៏ស្រស់ផូផង់មួយរបស់់ផែនដី តែដោយសារតែត្រូវរៀបចំហាង​ខ្ញុំក៏មិនអាចចាកចេញទៅក្រៅក្រសាលសែងព្រះសុរិយានាពេលព្រឹកព្រលឹមបានឡើយ។​  ដូច្នេះហើយទើបភាគច្រើនខ្ញុំតែងឈ្លៀតពេលល្ងាចដើម្បីទៅគយគន់ព្រះសុរិយាអស្តង្គតនាពេលល្ងាចវិញ។​ មិនដឹងជាខ្ញុំអាចសម្លឹងមើលទេសភាពដ៏ស្រស់ត្រកាលនៃធម្មជាតិរហូតបានពេលប៉ុណ្ណាទៀតឡើយ។

ពពករសាត់អណ្តែតទៅតាមកម្លាំងរបស់ព្រះពាយ ពេលខ្លះបោកបក់ពីកើតទៅលិច រីឯពេលខ្លះក៏បក់ពីលិចទៅកើត ថ្ងៃខ្លះក៏វិលវល់វង្វេងនៅពីលើក្បាលរបស់ខ្ញុំ។ ដួងចៃ(១)របស់ព្រះពាយមិនទៀងទាត់សោះឡើយហាក់បីដូចជាចុងស្រល់ ប៉ុន្តែតាមពិតទៅមិនមែនចុងស្រល់ជាអ្នកងាករេចិត្តរាយមាយឡើយ ព្រះពាយទេដែលជាអ្នកបោកបក់ខ្យល់អោយចុងស្រល់ត្រូវរេរសាត់ចុះឡើងៗទៅតាមកម្លាំងរបស់ខ្លួន ធ្វើឲ្យមនុស្សទាំងឡាយតែងយល់ច្រឡំមកលើដើមស្រល់ថាមានចិត្តរាយមាយសាវា ទាំងដែលខ្លួនក៏ត្រូវបានគេបំពានកេរ្តិ៍ឈ្មោះនិងរូបកាយាគ្មានបានសម្រាកសូម្បីបន្តិច។ ​​ល្ងាចនេះមិនដូចល្ងាចមុន ព្រះពាយមិនត្រឹមតែបោកបក់់ទៅតាមអំពើចិត្តហើយធ្វើឲ្យអ្នកផងទាំងពួងយល់ច្រឡំលើដើមស្រល់ប៉ុណ្ណោះឡើយ ថ្ងៃនេះព្រះពាយបានកេគរ(?)ប្រមូលយកពពកទៅផ្តុំទុកនៅឯទិសបច្ចិមបណ្តាលឲ្យសែងសុរិយាចែងចាំងច្រាលទៅខាងលើអាកាសវេហាដូចរស្មីពន្លឺបញ្ញារបស់ព្រះឥន្ទ្រ។ ពន្លឺចែងចាំងកាត់ផ្ទៃពពកទឹកកកបង្កើតបានជាពន្លឺនៃរស្មីឥន្ធនូមានពណ៍ចម្រុះភ្លឺផ្លេតៗទៅតាមពពកដែលរសាត់តាមបណ្តោយព្រះសុរិយាអស្តង្គត។ ផ្ទាំងទស្សនីយភាពដ៏ចម្លែកមូយនេះបានទាក់ទាញក្រសែភ្នែកអ្នកធ្វើដំណើរទាំងឡាយដែលកំពុងធ្វើដំណើរយ៉ាងមមាញឹកឱ្យឈប់សម្រាកគយគន់ក៏ដូចជាផ្តិតយករូបផ្ទាំងទស្សនីយភាពនាពេលព្រះសុរិយារៀបលាចាកផែនដី។ វាក៏បានទាក់ទាញអារម្មណ៍របស់ខ្ញុំ បណ្តាលឲ្យខ្ញុំឈប់កង់ដាក់ជន្ទល់មួយកន្លែងហើយ អង្គុយដាក់អារម្មណ៍គយគន់់ផ្ទាំងទស្សនីយភាពដ៏កម្រមួយនេះ។ ភ្នែកខ្ញុំំខំសម្លឹងទៅទិសខាងលិចមិនព្រិចសូម្បីបន្តិចសោះឡើយ ព្រោះខ្ញុំតែងតែគិតក្នុងចិត្តថាធម្មជាតិដ៏ស្រស់ត្រកាលដែលមាននាពេលនេះកំពុងតែចាកចេញពីរូបខ្ញុំបន្តិចម្តងៗ ដូច្នេះហើយរូបខ្ញុំត្រូវរីករាយអោយអស់់ចិត្តអស់ចង់ ហើយព្រមទាំងរក្សានូវអនុស្សាវរីយ៍នៃធម្មជាតិទុកក្នុងអារម្មណ៍របស់ខ្ញុំឲ្យបានយូរអង្វែងជានិរន្តន៍។​​  នៅពេលដែលខ្ញុំខំប្រឹងសម្លឹងមើលទៅពន្លឺភ្លឺផ្លេកៗដែលចាំងតាមបពកស្តើងៗ មួយសន្ទុះក្រោយមកក៏មានពន្លឺភ្លឺពណ៏សដ៏សែនតូចមួយកំពុងប្រឹងបញ្ចេញរស្មីប្រជែងនឹងសែងព្រះអាទិត្យដែលកំពុងចាំងយ៉ាងក្រហមឆ្អៅទៅលើមេឃានាពេលសាយណ្ហ។ អ្នកផងទាំងពួងប្រហែលជាមិនសូវជាចាប់អារម្មណ៏ទៅលើពន្លឺដ៏សែនតូចមួយនេះឡើយ។ វាគឺជាផ្កាយដែលតែងរះនាពេលល្ងាចព្រះសុរិយាអស្តង្គត។ ជនជាតិខ្មែរដាក់ឈ្មោះឲ្យវាថា​ជា “ផ្កាយចោរ”។ ពាក្យ “ចោរ” មានន័យថា ជាមនុស្សអសប្បុរស​ ជាបុគ្គលដែលដើរលួចទ្រព្យសម្បត្តិអ្នកដទៃ។ មិនដឹងជាផ្កាយដ៏សែនតូចមួយនេះ វាមានកំហុសអ្វីបានជា ប្រជាជនខ្មែរយើងនាំគ្នាហៅវាថាជា “ផ្កាយចោរ” ទៅវិញ។ មនុស្សពិតជាគ្មានធម្មមេត្តាបន្តិចសោះឡើយ សូម្បីតែផ្កាយដ៏តូចកំសត់រះឯការម្នាក់ឯងនៅសែនឆ្ងាយលើវេហាក៏មនុស្សមិនប្រណី។ តាមពិតទៅធម្មជាតិទាំងអស់នេះត្រួវបានមនុស្សបង្កាច់បង្ខូចជារៀងរហូតមកហើយ ហើយថែមទាំងបំផ្លិចបំផ្លាញជាន់ឈ្លីទៀតផង តួយ៉ាងមានដើមស្រល់និងផ្កាយចោរដ៏គួរឲ្យអាណិតមួយនេះ។ ផ្កាយតូចដែលខំប្រឹងរះនាពេលព្រះសុរិយាអស្តង្គតមួយនេះ វាប្រហែលជាគ្រាន់តែមានបំណងចង់ចេញមកគយគន់ពន្លឺព្រះសុរិយាអស្តង្គតដែលកំពុងតែសម្តែងបង្ហាញនូវភាពស្រស់ផូផង់នៅលើផ្ទៃមេឃាក៏មិនដឹង។ ឬក៍ផ្កាយតូចមួយនេះជាផ្កាយដ៏កំសត់ត្រូវបានទេវតាចាត់អោយមករះម្នាក់ឯងកណ្តោចកណ្តែងកណ្តាលអាកាសាគ្មានញាតិមិត្តនៅកំដរអបអររាក់ជាមួយក៏ថាបាន។ ផ្កាយតូចមួយនេះទោះដឹងខ្លួនថាមិនមានពន្លឺខ្លាំងអាចប្រជែងជាមួយនឹងរស្មីព្រះសុរិយាបានក៏ដោយ​ ទោះបីជាគ្មានអ្នកចាប់អារម្មណ៍មកលើខ្លួនដ៏សែនតូចមួយនេះក៏ដោយ ទោះបីជាត្រូវបានអ្នកផងទាំងពួងបង្កាច់បង្ខូចថាខ្លួនជាចោរក៏ដោយ ទោះបីជាត្រូវរះឯការម្នាក់ឯងក៏ដោយ ក៏ផ្កាយដ៏សែនតូចមួយនេះមិនដែលអាក់អន់ស្រពន់ចិត្តខឹងក្រោធចំពោះអ្នកដទៃឡើយ។ ផ្កាយតូចមួយនេះតែងតែសំងំរះយ៉ាងស្ងៀមស្ងាត់ម្នាក់ឯងនៅលើផ្ទៃមេឃាជាមួយនិងធម្មជាតិដ៏ស្រស់បំព្រង​  និងរះសំងំគយគន់ទស្សនីយភាពថ្ងៃលិចដ៏ស្រស់ផូរផង់ម្នាក់ឯងយ៉ាងមានសុភមង្គល។ លុះដល់ពេលព្រះសុរិយាលាចាកផែនដីកាលណា ផ្កាយតូចខំប្រឹងបញ្ចេញពន្លឺបំភ្លឹផែនដីទៅតាមតួនាទីរបស់ខ្លួនដែលធម្មជាតិកំណត់មកយ៉ាងស្រគត់ស្រគំជារៀងរាល់ថ្ងៃ រហូតដល់ព្រះសុរិយាភ្ងាក់កាយាពីដំណេករះនៅថ្ងៃថ្មី ទើបផ្កាយតូចកំសត់មួយនេះត្រូវចប់តួនាទីបំភ្លឺផែនដីនេះ ចាកចេញទៅក្នុងលំហចក្រវាលដ៏សែនឆ្ងាយគ្មានទីបំផុត។​ ពេលនេះប្រហែលជាផ្កាយតូចអាចសម្រាកកាយាយ៉ាងមានសេចក្តីសុខនៅក្នុងទីស្ថានដ៏ស្រស់បំព្រងនៃចក្រវាលដ៏ល្វឹងល្វើយ។

“ផ្កាយតូច” ជាផ្កាយដែលមានសេចក្តីសុខជាងរូបខ្ញុំដែលកំពុងសរសេរអធិប្បាយរ៉ាយរ៉ាប់អំពីរឿងរ៉ាវរបស់វាទៅទៀត។ ផ្កាយតូចមិនដែលចេះក្រោធ មិនដែលចេះខឹង មិនដែលចេះនិយាយស្មោគគ្រោក មិនចេះបង្កាច់បង្ខូច មិនចេះរអ៊ូរទាំ មិនចេះទើសទែងឈ្លោះប្រកែកជាមួយនរណាដូចជាខ្ញុំឡើយ ទោះបីជាត្រូវបានគេធ្វើអំពើដែលនាំឲ្យប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់ខ្លួនក៏ដោយ ក៏ផ្កាយតូចតែងតែលើកលែង អភ័យ សណ្តោសប្រណីដល់អ្នកផងទាំងពួងដរាបរៀងមក។ បើសិនជាមានជាតិក្រោយពិត រូបខ្ញុំសូមបួងសួងអធិដ្ឋានទៅកើតជាផ្កាយតូចដែលកំពុងគយគន់ព្រះសុរិយាអស្តង្គតជាមួយខ្ញុំយ៉ាងមានសេចក្តីសុខមួយនេះ។​ 

Comments

Popular posts from this blog

ខ្ញុំក្រ