ដើមឈូករ័ត្ន(해바라기, Sunflower)

 ដើមឈូករ័ត្ន(해바라기, Sunflower)

អ្នកនិពន្ធ៖ យូជីនអូ (유진오, Yoo Jin Oh)
បកប្រែ៖ ខ្វាតប៊ុនរ័ត្ន
រូបខ្ញុំម្នាក់នេះបានរស់នៅអស់ពាក់កណ្តាលជីវិតបាត់ទៅហើយទាំងដែលគ្មានអ្វីសែសសល់ដើម្បីទុកជាស្នាដៃទៅមុខបន្តិចសោះឡើយ។ នៅពេលដែលនឹកឃើញដល់ជីវិតភ្លើងយុវវ័យកាលពីអាយុប្រមាណ២០ឆ្នាំដែលកាលនោះកំពុងតែមានម្លាំងឆេះរោលរាល ខ្ញុំតែងតែគិតថាក្នងរយៈពេល១៥ឆ្នាំមកនេះ សូម្បីតែខ្លួនឯងក៏មិនដឺងថាបានធ្វើអ្វីខ្លះទេ។ តាមអ្វីដលខ្ញុំវាស់វែងមើល បើទោះបីជាខ្ញុំខំប្រឹងមិនធ្វើអ្វីដែលខាតបង់ពេលវេលាក៏ដោយក៏ចុងក្រោយនៅតែជាមនុស្សឥតបានការដដែល ម្លោះហើយប្រសិនបើពាក់កណ្តាលជីវិតទៅមុខទៀត នៅតែជាមនុស្សឥតបានការអញ្ចឹងទៀត តើវានឺងទៅជាយ៉ាងណាណ៎ គួរឲ្យបារម្ភខ្លាំងណាស់។
កាលពីមុនចេះតែយកលេសថាខ្លួននៅក្មេង, ចេះតែគិតថានរណានេះសរសេរអ្វីមួយនៅអាយុប៉ុណ្ណេះ នរណានោះធ្វើអ្វីមួយនៅអាយុប៉ុណ្ណោះ, តែងតែខំព្យាយាមលើកទឹកចិត្តចរិតឥតបានការរបស់ខ្លួនឯងតាមវិធីនេះជារៀងរហូតមក។ ប៉ុន្តែចេះតែគិតចេះតែធ្វើអញ្ចឹងយូរៗទៅ អាយុខ្ញុំវាដល់ពេលមួយដែលលើសអាយុនរណានេះនរណានោះដែលខ្ញុំតែងតែយកមកលើកទឹកចិត្តខ្លួនឯងបាត់ទៅហើយ អញ្ចឹងហើយគ្រានេះ តើខ្ញុំគួរតែយកអ្វីមកលើកទឹកចិត្តខ្លួនឯងឲ្យស្ងប់បានតទៅទៀតទៅ? ទោះខំប្រឺងទម្លាក់កំហុសទៅបរិស្ថាននៅជុំវិញ, ដាក់កំហុសទៅលើសម័យកាល ក៏វាមិនមានប្រយោជន៍អ្វីឡើយ។
ស្មារតីដ៏ខ្លាំងខ្លាមហាសាលរបស់មនុស្សតែងតែត្រូវរងគ្រោះដោយសារការគាបសង្កត់របស់បរិស្ថាននិងសម័យកាលដរាបមកហើយ។ ឬក៏មកពីពួកគាត់មិនដែលបានគិតបង្កើតបរិបទនិងសម័យកាលបញ្ច្រាសសាកមើលណ‌៎។ បើឃ្លាអម្បិញមិញនេះវាហួសហេតុពេកនោះ អញ្ចឹងចុងក្រោយពួកគាត់ក៏មិនបានកប់លុបខ្លួនគាត់បាត់ទៅបណ្តោយតាមសម័យកាលនោះទេទោះបីជាគាត់រស់នៅបរិបទណា សម័យកាលណាក៏ដោយ។ ទោះបីជាធ្វើយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែខំប្រឺងទម្លុះជញ្ជាំងរនាំងដែកហើយអភិវឌ្ឍន៍ខ្លួនឯងគ្រប់វិធីសាស្ត្រទាំងអស់, ពីព្រោះក៏ដោយសារតែតាមរយៈការធ្វើដូច្នោះ គឺយើងអាចបន្ថែមអ្វីមួយទៅលើស្មារតីរបស់មនុស្សឲ្យមានតម្លៃជាងមុន។ រូបខ្ញុំមួយនេះអាយុជាងពាក់កណ្តាលជីវិតទៅហើយ មិនដែលបានធ្វើអ្វីដែលសមជាការងារមានប្រយោជន៍មួយសោះឡើយ នៅទីបំផុតខ្លួនខ្ញុំក៏ជៀសមិនផុតពីការខូចចិត្ត ធ្លាក់អាក់អន់ស្រពន់ចិត្តទៅនឹងភាពឥតបានការរបស់ខ្លួនមួយនេះបាន។
កាលពីខែ៤កូននិងប្រពន្ធខ្ញុំបានយកដីប្រហែល២ផ្យង់(១)ពីដីសួនក្នុងផ្ទះដែលមានទហំប្រាំពីរប្រាំបីផ្យង់ដើម្បីមកធ្វើជាសួនដាំផ្កា។ បន្ទាប់ពីធ្វើហើយមក មើលទៅវាមិនមែនជាធំប៉ុន្មានឡើយ តែ បន្ទាប់ពីដាំ ផ្កាមូគុងហ្វា(២)មួយដើម ផ្កាលីលី២ដើមរួចហើយមក កូននិងប្រពន្ធខ្ញុំបានព្រួសគ្រាប់ ប្រភេទផ្កាដើមស្តុកៗដែលរស់បានយូរឆ្នាំដែលមានដូចជា ផ្កាឆាង់ញ៉ាក់(៣), ផ្កាអុកចាំ(៤), ផ្កាម៉ាំ(៥), ផ្កាលិលីភ្នំ ផ្កាចេកទេស ផ្កាឆុកគ្យូ(៦) ផ្កាលីលីស -ល- ជាមួយនិងប្រភេទផ្កាស្មៅ ផ្កាម៉ោង១០ ផ្កាបាសាំ ផ្កាឈូករ័ត្ន ផ្កា១០០ថ្ងៃ ផ្កាស្បៃរឿង ផ្កាម៉ោង៤ ផ្កាខុស្សម៉ុស ផ្កាហាន់ល៉្យន់ ផ្កាវីយ៉ូឡែត -ល- ឡើងពេញសួន។
ដោយសារតែដាំដើមផ្កាផងនិងដើមឈើផងដាំដល់ថ្នាក់ដី២០ផ្យង់ហើយក៏មិនចង់គ្រប់គ្រាន់ ខ្ញុំបានឃាត់ពួកគាត់ច្រើនដងដែរ តែប្រពន្ធនិងកូនខ្ញុំមិនដែលស្តាប់ទេហើយគិតតែពីដាំហើយដាំទៀត ចុងក្រោយមានតែខំប្រឹងស្រោចព្រឹកស្រោចល្ងាចប្រឺងអស់ពីកម្លាំងកាយចិត្ត។ អស់រយៈពេលប៉ុន្មានថ្ងៃក្រោយមក នៅលើមែកឈើមានចេញត្រួយតូចៗ ហើយនៅលើដីក៏មានចេញពន្លកល្អិតៗគួរឲ្យខ្នាញ់។ ប្រពន្ធនិងកូនស្រែកហ៊ោកញ្ច្រៀវសប្បាយរីករាយប្រៀបដូចជាបានឃើញអ្វីប្លែកៗចម្លែកអញ្ចឹង ចំណែកឯរូបខ្ញុំក៏បាននឹកឃើញខ្មាសពីពេលដែលខ្ញុំឃាត់ពួកគាត់ហើយក៏មានអារម្មណ៍ដូចមានទោសអញ្ចឹង។
ប៉ុន្តែយើងមិនអាចធ្វើអ្វីប្រឆាំងនឹងច្បាប់របស់ធម្មជាតិបានឡើយ។ ពួកប្រភេទដើមផ្កាទាំងនេះវាដុះក្ដៀនគ្នាដូចសណ្តែកបណ្តុះ ម្ល៉ោះហើយក៏ចៀសមិនផុតពីត្រូវដកអាតឿៗល្អិតចេញទេទោះបីជាស្តាយវាក៏ដោយ។ ចំណែកអាពន្លកដែលអន់ជាងគេទោះបីជាមិនដកវាចេញក៏វាគង់តែងាប់ចាកចេញទៅខ្លួនឯងមិនខាន។ អញ្ចឹងហើយ មិនបាន២ខែផង នៅលើដីសួនផ្កា២ផ្យស់របស់ខ្ញុំនេះ មាននៅសល់តែចំនួនដើមផ្កាសមល្មមនិងចំនួនដីពីផ្យង់នេះប៉ុណ្ណោះ។
ឥឡូវនៅក្នុងសួនរបស់ពួកយើង មានដើមផ្កាឈូករ័ត្នពីរដើមដែលដុះធំខ្ពស់ហើយមានដើមរឺងមាំជាងគេ ដុះឈទប់ទ្រាំនៅក្នុងទីសួនដ៏តូចចង្អៀតនេះ ហើយនៅក្បែរៗនោះមានតែដើមផ្ការំយោលចេញផ្កាក្រហមជាប់ទងយោលទៅមកៗ ចំណែកឯដើមផ្កាដទៃទៀតរលួយងាប់ចាកទីទៃគ្មានសេសសល់សូម្បីមួយដើម។
រាល់ពេលដែលខ្ញុំងាកមើលទៅដើមផ្កាឈូករ័ត្នដែលដុះលាស់ថ្មីខ្ចីស្រស់បំព្រងនៅក្នុងសួនមុខផ្ទះ ខ្ញុំតែងតែនឺកឃើញទៅដល់ដើមផ្កាឈូករ័ត្នដែលកំពុងមានជម្ងឺដុះនៅក្បែរបន្ទប់របស់ខ្ញុំ។ ដីដែលនៅមុខបន្ទប់ស្រាវជ្រាវរបស់ខ្ញុំមានទំហំប្រហែលមិនបានមួយម៉ែត្រផងហើយមានរបងថ្មកំពស់ប្រហែលមួយម៉េត្រប្រាំបីតឹកហ៊ុមព័ទ្ធនៅផ្នែកខាងត្បូង, ដាំផ្កាក៏មិនដុះ ដាំដើមឈើក៏មិនកើត តែដោយសារតែនៅខែ៥ដើមផ្កាដែលដុះនៅសួនខាងមុខចេះតែរលួយអស់ទៅហើយនឹកឃើញស្តាយដើមផ្កាឈូករ័ត្នដែលមានដើមនិងស្លឹករាងធំជាងគេ កូនខ្ញុំក៏ដកវាយកទៅដាំក្បែរបន្ទប់ខ្ញុំនោះឯង។
ដោយសារតែកន្លែងនោះពន្លឺក៏ជះមិនដល់ ខ្យល់ក៏បក់មិនប៉ះ ទើបខ្ញុំគិតថាច្បាស់ជាដើមឈូករ័ត្ននេះមិនរស់បានយូរប៉ុន្មានទេ តែដោយសារតែកូនវាចេះតែចង់ដាំ ក៏មិនអើពើទុកបណ្តោយទៅតាមហ្នឹង ក៏ស្រាប់តែដូចអ្វីដែលខ្ញុំបានគិតមែន អាដើមឈូករ័ត្ននេះមិនមានការលូតលាស់អ្វីសោះ។ នៅឯសួនមុខផ្ទះដែលរស្មីព្រះអាទិត្យចាំងមកប៉ះគ្រប់គ្រាន់ ដើមឈូករ័ត្នមួយនោះលូតធំធាត់ស្លឹកលាស់ទ្រុលពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រវែងគល់វាវែងប្រហែល៣សង់ទីម៉ែត្រចំណែកឯម្ពស់វាខ្ពស់ជាងកំពស់ខ្ញុំ នៅខាងចុងនោះមានពន្លកផ្កាក្រពុំទំជាប់នៅពីលើ នៅពេលដែលខ្យល់បក់មកម្តងៗ ស្លឹកវាបក់យោលទៅតាមខ្យល់លាតសន្ធឹងខំប្រឹងអួតឡើងប៉ុនៗថាស ប៉ុន្តែចំណែកឯឈូករ័ត្នដែលដុះនៅក្បែរបន្ទប់ខ្ញុំនោះទោះជាដកយកមកដាំបានជាង២ខែហើយ កុំថាឡើយលូតលាស់ធំធាត់ វាមានតែធ្លា់ក់ដុនដាបទៅៗប៉ុណ្ណោះ។ ដើមវាមើលទៅឃើញតែប៉ុនចុងកូនដៃ រីស្លឹកវិញមិនបានប៉ុននំគមផង។ ដល់ថ្នាក់ហ្នឹងហើយ បើកំពស់ក៏កុំលូតដែរទៅមានទៅអី តែវាលូតតែកំពស់ទៅតាមអាយុមើលទៅដូចរោមដុះឆ្កឹងត្រង់ឆ្កឺត(?)។ មើលទៅឡើងស្គមស្រួចដួចម្ជុលទៅហើយ កំពស់វាចេះតែខ្ពស់រហូតដល់ថ្នាក់មិនមានខ្យល់បក់ក៏ចង់ដួលព្រូសម្តងៗ មើលទៅគួរឲ្យអណោចអាធ័មណាស់។
បរិបទនិងបរិស្ថាននេះវាគួរឲ្យខ្លាចខ្លាំងណាស់។ ដើមឈូករ័ត្នដែលដុះមកពីពូជតែមួយ កាលពីតូចៗធំមកជាមួយគ្នា គ្រាន់តែខុសគ្នាត្រង់មួយទទួលបានពន្លឺមួយទៀតមិនទទួលបានពន្លឺគ្រប់គ្រន់ វាធ្វើឲ្យដើមឈូករ័ត្ននៅសួនខាងមុខនិងដើមឈូករ័ត្ននៅក្បែរបន្ទប់ខ្ញុំមើលទៅហាក់បីដូចជាដុះពីពូជផ្រេងគ្នាឆ្ងាយខ្លាំងណាស់។
គ្រាន់តែជារឿងពិតមួយប៉ុណ្ណេះ ក៏វាគ្រាន់ហើយសម្រាប់ដាស់តឿនសតិអារម្មណ៍របស់មនុស្សទាំងឡាយ តែចំពោះដើមឈូករ័ត្នដែលកំពុងតែមានជំងឺមួយនេះវាគឺជាសេចក្តីលំបាកវេទនាដ៏សែនសហាវព្រៃផ្សៃបំផុត។ ដើមឈូករ័ត្នដែលមិនអាចលូតលាស់មួយនេះ វាបានដួលរលំបាក់ទៅលើដីយ៉ាងអាណោចអាធ័មបាត់ទៅហើយ។ គ្រាន់តែមើលក៏មិនចង់មើលដែរ។ វាគ្រាន់តែជារុក្ខជាតិដែលគ្មានអារម្មណ៏គ្មានគំនិតគិតប៉ុណ្ណោះ តែចំពោះរូបខ្ញុំមើលទៅវាហាក់បីដូចជាមនុស្សដែលដួលរលំ ត្រូវចុះចាញ់ក្នុងជីវិតប្រកួតប្រជែងដើម្បីរស់ម្នាក់។ ម្យ៉ាងទៀតមើលទៅវាហាក់បីដូចជាកំពុងតែយំបណ្តើរ ជេរព្រហ្មលិខិតបណ្តើរ ខូចចិត្តនឹងស្នាដៃមនុស្សដែលដកខ្លួនយកទៅដាក់ក្នុងវាសនាដ៏អាក្រក់មួយនេះ។
ប៉ុន្តែបើដកវាចេញអោយផុតភ្លាមៗទៅក៏ដូចជាឃោឃៅពេក ខ្ញុំក៏ទុកវាចោលអញ្ចឹងទៅ ហើយ២ថ្ងៃក្រោយមកនៅពេលដែលខ្ញុងើបពីដេកមក រូបខ្ញុំមួយនេះបានភ្ងាក់ឲ្យព្រើត។ ដើមឈូករ័ត្នដែលកុំថាឡើយក្តីសង្ឃឹមក្នុងចេញផ្កា សូម្បីតែក្តីសង្ឃឹមក្នុងការរស់រានមានជីវិតក៏គ្មានមួយនេះ មើលទៅវាហាក់ដូចជាកំពុងតែខំប្រឹងងើបក្បាលឡើងទៅលើទាំងដែលដើមនិងស្លឹករបស់ខ្លួនលិចលង់ចូលប្រឡាក់ក្នុងភក់។ និយាយទៅដោយសារតែមិនមានកម្លាំងក្នុងការងើបខ្លួនទាំងមូលឲ្យរួចផុតចេញពីដី ក៏មានតែខំប្រឹងងើបតែចុងឲ្យតែផុតមិនចង់នឹងផុតផង។ ខំប្រឹងងើបងាកទៅឲ្យបានត្រូវពន្លឺព្រះអាទិត្យនឺងគេទោះបីជាបានតែបន្តិចបន្តួចក៏ដោយ។
ពាក្យថាជីវិតមួយនេះ វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ ខ្លួនត្រឹមតែជាដើមឈូករ័ត្នមួយដើម តើមានបំណងអ្វីធំប៉ុណ្ណាទៅណ៎ ដល់ថ្នាក់ខ្លួនលិចកប់ក្នុងភក់ហើយខំប្រឹងរស់ត្រដបន្តជីវិតបន្តិចទៀត ខំប្រឹងងើបរស់ឲ្យប្រសើរជាងមុនបន្តិចទៀតប្រឹងធ្វើអ្វីក៏ដោយឲ្យតែខ្លួនបានរស់រានមានជីវិតបន្តិចទៀត។ ដោយសារតែឃើញការខិតខំប្រឹងប្រែងរស់យ៉ាងរឺងត្អឹងរបស់ដើមឈូករ័ត្នដែលកំពុងតែមានជម្ងឺមួយនេះ ខ្ញុំក៏ខ្លាចមិនហ៊ានទៅដកចេញភ្លាមៗដែរ។
និយាយអញ្ចេះអញ្ចោះទៅ, វាគឺជារឿងពិតដែលខ្ញុំដាក់ចំណាប់អារម្មណ៍ទៅលើដើមឈូករ័ត្នដែលកំពុងតែឈឺនេះ ជាជាងដើមឈូករ័ត្នដែលលាស់ស្លឺកទ្រុលនៅឯសួនខាងមុខ បើទោះបីជាពេលសម្លឹងមើលវាម្តងៗ ខ្លួនខ្ញុំត្រូទទួលបន្ទុកខាងផ្នែកស្មារតីធ្ងន់ខ្លាំងក៏ដោយ។ ពេលដែលខ្ញុំមើលទៅដើមឈូកររ័ត្នក្នុងសួន វាខំប្រឺងធ្វើខ្លួនដូចជាម្ចាស់សួនខាងមុខផ្ទះខ្ញុំទាំងមូល ខំប្រឹងឈរត្រដររស់ដោយជាន់ពន្លិចដើមផ្កាផ្សេងៗឲ្យងាប់, នៅពេលដែលខ្យល់បក់រវិចៗមកម្តងៗ ខំប្រឹងលាតត្រដាងស្លឹកពើងទ្រូងហាក់បីដូចជាខ្លួនបានមកប៉ុណ្ណេះក៏ដោយសារតែខ្លួននេះខ្លាំងពូកែរ ខ្ញុំឃើញវាម្តងៗមានអារម្មណ៍ថាគួរឲ្យចង់ក្អួតចេញមកប្រាវៗ តែផ្ទុយទៅវិញ នៅពេលដែលខ្ញុំងាកមើលទៅដើមឈូករ័ត្នដែលកំពុងតែមានជំងឺនៅក្បែរបន្ទប់ខ្ញុំវីញ បានត្រឹមតែមានាអារម្មណ៍ថាអាណោចអាធ័មប៉ុណ្ណោះ។ រូបភាពដែលខំប្រឺងងើបងាកក្បាលដែលស្រួចស្គមស្គាំងហាក់បីដូចជាកំពុងតែអង្វរនេះ គ្រាន់តែចង់បង្ហាញពីភាពស្មោះត្រង់និងការបន្ទាបខ្លួនប៉ុណ្ណោះ។
ក៏ប៉ុន្តែទាំងនេះវាគ្រាន់តែជាអារម្មណ៍មើលឃើញដែលឥតមានប្រយោជន៍របស់ខ្ញុំប៉ុណ្ណោះ។ បើទោះបីជាមានមូលហេតុអ្វី មានដើមហេតុអ្វីក៏ដោយ ក៏ដើមឈូករ័ត្នដែលនៅសួនខាងមុខជាអ្នកឈ្នះក្នុងជីវិតរស់នៅ ហើយផ្ទុយទៅវិញដើមឈូករ័ត្នដែលដុះក្បែរបន្ទប់ខ្ញុំនេះគឺជាអ្នកចាញ់យ៉ាងច្បាស់ក្រឡែត។ ដើមឈូករ័ត្ននៅសួនខាងមុខមិនយូរប៉ុន្មាននឹងលូតលាស់ចេញផ្កាដ៏ស្រស់ស្អាត ហើយនឺងចេញផ្លែដ៏មានតម្លៃមិនខាន ចំណែកឯដើមឈូករ័ត្ននៅក្បែរបន្ទប់ខ្ញុំវិញ កុំថាឡើយផ្កា ផុតរដូវវស្សានេះប្រហែលជាស្វិតក្រៀមបាត់មិនខាន។ តើទៅអនាគតនឺងមានក្តីសង្ឃឹមអ្វីទៀតដែលមិនព្រមឲ្យដើមនេះស្វិតក្រៀមទៅណ៎?
ឈូករ័ត្នមួយនេះបានធ្វើអ្វីគ្រប់បែបយ៉ាងហើយក្នុងនាមជាដើមឈូករ័ត្ន។ ឳ!ដើមឈូករ័ត្នដែលមិនទទួលបានជោគេជ័យ ឳ!ដើមឈូករ័ត្ននៅក្បែរបន្ទប់ខ្ញុំមួយនេះបើទោះបីជាខ្លួនមិនមែនជាដើមហេតុនៃការដែលមិនបានជោគជ័យ ក៏មិនអាចនឺងមិនទម្លាក់កំហុសនិងទំនួលខុសត្រូវមកលើខ្លួនឯងបាន ក៏ប៉ុន្តែចំពោះរូបខ្ញុំវិញ ខ្ញុំមិនអាចដកចេញបាននូវចំណាប់អារម្មណ៏ដ៏មោះមុតរបស់ខ្ញុំដែលមានលើដើមឈូករ័ត្នដែលកំពុងតែមានជំងឺនេះបានឡើយ។ ទោះបីជាដល់ថ្ងៃមួយមិនអាចធ្វើអ្វីបានជាងនេះក្រៅពីត្រូវដកចេញដោយដៃរបស់ខ្ញុំក៏ដោយ ក៏ចំណាប់អារម្មណ៏ដ៉មោះមុតទៅលើដើមឈូករ័ត្នមួយនេះ មិនរលាយបាត់ពីបេះដូងរបស់ខ្ញុំជាដរាបរៀងអើយ។
សម្គាល់៖
១.ផ្យ៉ង់៖ ខ្នាតរង្វាស់ក្រឡាផ្ទៃរបស់កូរ៉េដែល១ផ្យង់ស្មើនឹង៣.៣ម៉ែត្រការ៉េ
២.មូគុងហ្វា៖ ឈ្នោះផ្កាប្រចាំប្រទេសកូរ៉េដែលមានរូបរាងស្រដៀងនឹងផ្ការំយោល មានពណ៌សផ្កាឈូក

៣និង៤៖ជាឈ្មោះរបស់ផ្កាដែលមានដុះនៅប្រទេសកូរ៉េ
៥.ផ្កាម៉ាំ៖ ឈ្មោះរបស់ផ្កាម្យ៉ាងដែលមានពណ៌ស សម្រាប់យកទៅប្រើក្នុងពិធីបុណ្យសព។
៦.ឈ្មោះផ្កាម្យ៉ាងដែលមានដុះនៅប្រទេសកូរ៉េ។
#해바라기 #크메르역 #한캄 #수필 #KoreanEssay #Khmertranslatation

Comments

Popular posts from this blog

ខ្ញុំក្រ