អត្ថបទ​: ការ​សម្អាត​ស្លឹក​ឈើ​ជ្រុះ​

 អត្ថបទ​: ការ​សម្អាត​ស្លឹក​ឈើ​ជ្រុះ​

ស្មេរ:​​ ខ្វាត​ប៊ុន​រ័ត្ន​
អាត្មាបានបួសជាសមណេរក្នុងសំណាក់ព្រះពុទ្ធសាសនាអស់រយៈពេល៤ថ្ងៃហើយ ដើម្បីគម្រប់កិច្ចឲ្យគ្រប់ប្រាំពីរថ្ងៃ អាត្មាត្រូវរក្សានូវទស្សសិក្ខាបទរយៈពេល៣ថ្ងៃទៀត។ មានញោមពូ ញោមមីង ញោមបង ញោមប្អូន ញោមមិត្តទាំងឡាយបានមានចម្ងល់ឆ្ងល់ក៏តែងតែចោទសួរមកកាន់អាត្មាថា “មូលហេតុអ្វីបានជាចង់បួស?” កាលពីមុនពេលអាត្មាបួសជាសំណាក់សាមណេរ អាត្មាក៏មិនដឹងឆ្លើយតបយ៉ាងដូចម្តេចទេ ដោយសារតែអាត្មាក៏មិនដឹងច្បាស់អំពី អត្ថន័យនៃការបួសលាបំណន់ បួសសងគុណ -ល- អាត្មាក៏ចចេះតែឆ្លើយតាមរបៀបដែលទំនៀមទំលាប់ចាស់បុរាណនិយាយតៗគ្នារហូតមកដូច្នោះឯង។ តាមពិតទៅអាត្មាមិនមានបំណន់អ្វីឡើយ អាត្មាជាអ្នកចង់យល់ដឹងអំពីព្រះពុទ្ធសាសនាតាំងពីនៅតូចៗម្ល៉េះ ហើយអាត្មាក៏ជ្រើសរើសចូលរក្សាជីវិតជាសាមណេរដើម្បីឲ្យបានយល់កាន់តែច្រើនអំពីបញ្ហាដែលជាទំនាក់ទំនងរវាងហេតុនិងផល បុណ្យនិងបាប អាក្រក់និងល្អ និងឲ្យមានធម៏និងវិជ្ជារបស់ព្រះសម្មាសម្ពុទ្ធដែលតែងតែទូន្មានប្រៀនប្រដៅឲ្យដើរផ្លូវកណ្តាល សម្រាប់យកមកពិចារណាឲ្យបានជ្រៅជ្រះដើម្បីជាស្ពានក្នុងការរស់នៅក្នុងជាតិដែលពោពេញដោយទុក្ខនេះ។
រយៈពេលបួនថ្ងៃនេះជារយៈវេលាដ៏ខ្លីមួយសម្រាប់ជនផ្សេងៗ តែចំពោះពេលបួនថ្ងៃពេលនេះ គឺវាពិតជាមានន័យណាស់ចំពោះអាត្មា។ អាត្មាបានរៀនបានចេះដឹងច្រើនអំពីព្រះធម៏ដើម្បីស្វែងរកសេចក្តីសុខរបស់ព្រះសម្មាសម្ពុទ្ធលើសពីអ្វីដែលអាត្មាបានគិតទុកមុន ហើយក៏បានស្វែងយល់អំពីជីវិតសត្វលោក ការឲ្យទាន ការគោរព អំពើល្អ អំពើអាក្រក់ ការអត់ធន់ ភាពអត់ឃ្លាន សេចក្តីស្ងប់ សេចក្តីនិមិត្ត -ល-។ ទាំងនេះជាផលប្រយោជន៏ំមួយដែ្រនៃការបួសជាសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនា។ នៅរៀងរាល់ព្រឹកនិងល្ងាច ព្រះសង្ឃទាំងភិក្ចុទាំងសាមណេរ ទាំងលោកនេនតូចៗតែងតែនាំគ្នាគ្រប់អង្គបោសសំអាតទីធ្លាក្នុងវត្តដែលមានដូចជា សំរាមដែលញោមទាំងឡាយមកវត្តហើយក៏ចោលទៅដោយគ្មានការពិចារណា ដីធូលីដែលហហុយអំពីទីផ្សេងៗ ស្លឹកឈើដែលងាប់ជ្រុះនៅលើដី -ល- ។ ថ្ងៃដំបូងអាត្មាមិនទាន់យល់ច្បាស់អំពីកាលវិភាគនៃការរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃក៏សង្កេតហើយថ្ងៃបន្ទាប់ក៏យកមកអនុវត្តតាម។ នៅទិសខាងជើងឈាងខាងកើតនៃកុដិអាត្មាមានដើមឈើ(?)ដ៏ធំស្កឹមស្កៃមួយដែលបានផ្តល់ម្លប់ក្លាយជាទីធ្លាសម្រាប់សម្រាកអង្គុយនិងជាទីកន្លែងសម្រាប់សិក្សារបស់ព្រះសង្ឃក៏ដូចជាកូនសិស្សទាំងឡាយដែលតែងតែមករៀនតាមកាលវិភាគរៀងរាល់ថ្ងៃ។ អាត្មាតែងតែក្រោកពីដំណេកនាម៉ោង៥ព្រឹក ស្រង់ទឹកហើយក៏ឆុងកាហ្វេផឹកនិងអានសៀវភៅ។ លុះដល់ព្រះសុរិយារាំងរះជះពន្លឺមកលើដែកពស្សធារហើយនោះ អាត្មាក៏តែងតែបោសស្លឹកឈើដែលជ្រុះមកលើទីធ្លាអង្គុយ និងទីធ្លាសម្រាប់អង្គុយរៀន។ ប្រហែលកន្លះម៉ោងក្រោយមកទីធ្លាដែលពោពេញទៅដោយស្លឹកឈើងាប់ទាំងអស់នោះ ក៏ប្រែជាស្អាតផូរផង់គួរជាចេតនារបស់អ្នកផងទាំងឡាយមកអង្គុយសម្រាកលេង។ ក៏ប៉ុន្តែជាអកុសល ១ម៉ោងក្រោយមកស្លឹកក៏ជ្រុះគរលើដីម្តងទៀតធ្វើឲ្យអាត្មាត្រូវទៅបោសហើយបោសទៀតមិនចេះឈប់មិនចេះឈរ។ ជីវិតក៏វាដូចជាដើមឈើ ឯទីធ្លាដែលស្លឹកវាជ្រុះមកលើនេះក៏ប្រៀបបានទៅនឹងចិត្តរបសើមនុស្សដែលត្រូវការភាពស្ងប់ ភាពស្អាតស្អំ។ អាត្មាបួសនេះក៏ប្រៀបដូចជាការដែលអាត្មាយករំបោសមកបោសស្លឹកគឺសេចក្តីទុក្ខ សេចក្តីដែលនាំឲ្យមានទុក្ខទាំងឡាយចេញឲ្យស្រលះស្អាតបានម្តង បើកាលណាទុកគរគំនរដូចផ្នុំនោះស្លឹកនឹងគរលិចដើមបន្តិចៗបន្តិចម្តងគ្មានថ្ងៃបានឃើញនូវសេចក្តីល្អផូផង់ពេញមួយជីវិតឡើយ។ ការលូតលាស់របស់ដើមឈើដែលមានដុះជាស្លឹកនោះឯងវាបានមកពីផលដែលដើមស្រូបយកជីវជាតិពីដី ពីទឹក ពីខ្យល់ដើម្បីបានលូតលាស់នូវស្លឹក តែទីបំផុតស្លឹកឈើដែលងាប់នោះក៏ជ្រុះមកក្លាយទៅជាទុក្ខធ្វើឲ្យមានសេចក្តីអាក្រក់ មិនល្អនៅក្នុងហរទ័យ វេទនាដោយសារតែផលដែលស្រូបប្រយោជន៍ពីជនដទៃនោះឯង។
អាត្មាបួសរយៈពេលខ្លីនេះប្រៀបដូចជាការបោសកម្ចាត់សេចក្តីដែលនាំឲ្យមានទុក្ខបានម្តងប៉ុណ្ណោះជាការសំអាតដ៏ស្លឹកឈើធំមួយឪ្យជ្រះស្រឡះល្អគ្មានមន្ទិលសៅហ្មង បន្ទាប់ពីពេលដែលអាត្មាសឹកជាគ្រហ័ស្តទៅសេចក្តីនិម្មិត្តផ្សេងៗដែលនាំឲ្យមានទុក្ខ ក៏នឹងគរឡើងសារជាថ្មីបន្តិចម្តងៗ ប្រៀបបីដូចជាទីធ្លាដែលអាត្មាបោសហើយកន្លះម៉ោងក្រោយទៀតវាក៏គរឡើងវិញដូច្នោះដែរ។ ដូច្នេះហើយពេលនោះអាត្មាក៏នឹងត្រូវបោសសំអាតតាមវវិធីផ្សេងៗដូចជា ការធ្វើទាន ការមេត្តាមិនប៉ះពាល់ មិនជិះជា់ជីវិតអ្នកដទៃ -ល- ជារៀងរាល់ថ្ងៃតទៅប្រៀបដូចជាការបោសស្លឹកឈើរាល់ថ្ងៃនេះទោះបីជាបោសមិនបានជ្រះស្រឡះស្អាតដូជជាការបួសដែលជាការសម្អាតដ៏មហាសាលក៏ដោយ ក៏វាអាចស្អាតប្រសើរផូរផង់ជាជាងការដែលមិនសំអាតដែរ។ នេះជាកម្មរបស់អាត្មាដែលបានសាងពីជាតិៗមុន អាត្មាមិនទាន់មាននិស្ស័យអាចនឹងបានបួសនិងត្រាស់ដឹងជាអរហន្តបាននាជាតិនេះក៏ដោយសារតែអាត្មានៅមានកម្មនិងផលដែលនិងដល់នាពេលខាងមុខ។ ដូច្នោះហើយអ្នកទាំងឡាយ ចូរអ្ននគម្បីរក្សានូវកិរិយាអំពើល្អ ធ្វើទាន ធ្វើមេត្តា កុំឲ្យស្លឹកដែលនាំឲ្យមានទុក្ខវាលូតលាស់ច្រើនពេកក្រីឡើយ។ ទោះបីជាអ្នកខំប្រឹងអុជធូបលើកដៃសំពៈសែនព្រែនដល់ព្រះពុទ្ធឬដល់អ្នកតាខ្មោចព្រាយបីសាចក៏ដោយ បើអ្នកមិនដែលប្រព្រឹត្តអំពើល្អ មិនដែលធ្វើទាន មិនដែលធ្វើមេត្តា ទីបំផុតអ្នកមិនអាចចាកឆ្ងាយរួចពីទុក្ខនោះឡើយ។ ចូរអ្នកទាំងឡាយខំប្រឹងធ្វើបុណ្យ ធ្វើទាន ផ្សាយមេត្តា ចៀសឆ្ងាយអំពើបាបដែលនាំឲ្យមានទុក្ខដូចជាការបោកប្រាស់ ការជិះជាន់ ការកេងប្រវ៏ញ្ញ ការគាបសង្កត់លើកម្លាំងអ្នកដទៃ ការប្រព្រឹទ្ធអំពើទុច្ចរិក លេងល្បែង លួចប្លន់ -ល-។ ប្រសិនជាអ្នកបានធ្វើអំពើល្អ ហើយចាកឆ្ងាយនៅអំពើបាបទាំងនោះហើយ ទីធ្លាដែលជាចិត្តជាធាតុពិតរបស់អ្នកនឹងទទួលបាននូវសេចក្តីសុខគឺសេចក្តីស្ងប់។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា “និត្ថិ សន្តិ បរំ សុខំ” គឺមានន័យថា គ្មានសេចក្តីសុខដទៃណាក្រៅអំពីសេចក្តីស្ងប់ឡើយ។ សូមអនុមោទនា...!

Comments

Popular posts from this blog

ខ្ញុំក្រ