ដើមឈើ
ដើមឈើ
អ្នកនិពន្ធ៖ លីយ៉ាំងហា (이양하)បកប្រែ៖ ខ្វាតប៊ុនរ័ត្ន
ដើមឈើមានគុណធម៌។ ដើមឈើចេះពេញចិត្តនឺងបរិមាណទឹកដែលគេស្រោចឲ្យ។ វាមិនដែលស្តីបន្ទោសវាសនាដែលបង្កើតវាមកជាដើមឈើ ហើយក៏មិនដែលរអ៊ូសូរថា ហេតុអ្វីបានជាយកខ្លួនមកដាក់ដាំនៅទីនេះនៅទីនោះឡើយ។ វាក៏មិនដែលរករឿងគិតរកហេតុភេទថាបើទៅឈរនៅលើទួលប្រហែលជាមានពន្លឺគ្រប់គ្រាន់ ឬក៏ទៅដុះនៅជ្រោះទាបទៅប្រហែលជាមានទឹកគ្រប់គ្រាន៉ឡើយ ដើមឈើមិនដែលគិតចង់រិះរកទីតាំងថ្មីសោះឡើយ។ ក្នុងនាមជាកូនចៅរបស់ទឹក របស់ដី របស់ព្រះអាទិត្យ ដើមឈើតែងតែទទួលយកនូវអ្វីដែលទឹក ដី និង ព្រអាទិត្យផ្តល់ឪ្យប៉ុណ្ណោះ វាមិនដែលរអ៊ូរទាំរឿងលើសរឿងខ្វះសោះឡើយ។ វាក៏មិនដែលបើកភ្នែគសម្លឹងមើលឬក៏និយាយដើមរឿងរ់ាវរបស់មិត្តជិតខាងឡើយ។ ដើមស្រល់គឺដុះតាមដើមស្រល់ពេញចិត្តនឺងខ្លួនជាដើមស្រល់ ចំណែកផ្កាក្រដាសក៏វាពេញចិត្តនឹងខ្លួនវាដែលជាដើមផ្កាក្រដាស។
ដើមឈើសែនឯកាណាស់។ ដើមឈើស្គាល់ពីភាពឯកាគ្រប់បែបយ៉ាង។ វាដឹងពីភាពឯការបស់ព្រឹកដែលគ្របដណ្តប់យ៉ងងងឹតឈឹងដោយអ័ព្វដ៏ក្រាស់ ហើយវាក៏យល់ពីភាពឯការបស់ពេលសាយ័ណ្ហដែលរុំព័ទ្ជដោយពពកយ៉ាងខ្មៅងងឹតដែរ។ វាយល់អំពីភាពឯការបស់សុរិយេជិតលិចនាពេលល្ងាចដែលកំពុងតែមានភ្លៀងរលឹមនារដូវស្លឹកឈើជ្រុះ ហើយវាក៏យល់ពីភាពឯការបស់ចចន្រ្ទាដែលរះតែឯងឯកាគ្មានផ្កាយនារដូវរងារផងដែរ។ ទោះបីជាអញ្ចឹងក៏ដោយ ក៏ដើមឈើនៅតែស៊ូទ្រាំនឹងភាពឯកាទោះកម្រិតណាក៏ដោយ ព្រមទាំងយកឈ្នះភាពឯកា ហើយក៏សប្បាយរីករាយនឺងភាពឯការបស់ខ្លួនផងដែរ។
មិនមែនដើមឈើមិនមានមិត្តភ័ក្តច្រើននោះទេ។ មានព្រះចន្ទ មានវេយោខ្យល់ ហើយក៏មានចាបដែរដែលជាមិត្តរបស់វា។ ព្រះចន្ទមិនដែលបំពានពេលមវេលាសោះឡើយ វាជាមិត្តដែលស្មោះត្រង់ មានសុជីវធម៌ តែងតែមកលេងនារដូវក្តៅដ៏សែនឯការដើម្បីចំណាយពេលវេលាជាមួយគ្នានឹងដើមឈើ។ វាមិនដែលនិយាយស្តីអ្វីឡើយ បានត្រឺមតែសើច វាចេះយល់ដឹងពីចិត្តរបស់ដើមឈើ ហើយស្រួលនិយាយគ្នាណាស់ វាជាមិត្តដែលត្រូវគ្នាជាមួយនឹងដើមឈើណាស់។ ចំណែកឯខ្យល់វិញខុសពីព្រះចន្ទដាច់ វាជាមិត្តដែលនិយាយបាតដៃខ្នងដៃ ចូលចិត្តនិយាយពីនេះពីនោះច្រើន ជាមិត្តដែលមិនគួរឲ្យទុកចិត្តសោះឡើយ។ និយាយឲ្យចំទៅវាជាមិត្តរប៉េចរប៉ូច។ វាមមកលេងតាមតែចិត្តដែលវានឹកឃើញប៉ុណ្ណោះ។ ពេលខ្លះវារសាត់អណ្តែតមកពីណាភ្លាមៗតែម្តង ហើយពេលខ្លះវាហោះតាមផ្ញើខ្លួនផ្ញើប្រាណតាមប្រហោងដែជើងរបស់អ្នកដទៃយ៉ាងគំរុះគំរើយ គ្មានហេតុគ្មានផលទាល់តែសោះ។ រីឯចាបច្បាស់ណាស់វាជាមិត្តដែលមិនគួរឲ្យទុកចិត្តដូចជាខ្យល់អញ្ចឹងដែរ។ វាមកលេងតែពេលដែឡវាចង់មកតាមអំពើចិត្ត ហើយបង្ហាញខ្លួនតែពេលដែលវាចង់ប៉ុណ្ណោះ។ ប៉ុន្តែវាចង់ទៅចង់មកក៏ជារឿងរបស
វា វាចង់យកសម្បុកមកដាក់នៅលើដើមឈើនៅពេលដែលហត់និងធុញទ្រាន់ ហើរមកសម្រាកនិយាយបញ្ចេញកំហឹងក៏តាមតែវា តែទង្វើរបស់វាទាំងនេះមើលទៅគួរឲ្យស្រលាញ់ណាស់។ នៅពេលខ្លះវាសប្បាយចិត្តក៏ស្រែកច្រៀង ហើយការដែលបានស្តាប់ចម្រៀងនេះ មិនអាចនិយាយថាមិនមែនមិនទទួលបានភាពរីករាយនោះទេ។ ដើមឈើចេះបែងចែករឿងទាំងនេះច្បាស់លាស់ណាស់។ ក៏ប៉ុន្តែដោយសារតែព្រះចន្ទជាមិត្តល្អក៏មិនដែលស្រលាញ់រាប់អានតែព្រះចន្ទ ហើយខ្យល់និងចាបជាមិត្តដែលទុកចិត្តមិនបានក៏មិនដែលដេញដោលស្អប់ខ្ពើមចាបនិងខ្យល់ឡើយ។ វារីករាយនិងរាប់អានព្រះចន្ទតាមព្រះចន្ទ ខ្យល់តាមខ្យល់ ចាបតាមចាប វារាប់អានជាមិត្តស្មើរៗគ្នាគ្មានលើសគ្មានខ្វះសោះឡើយ។ លើសពីនេះពេលដែលមិត្តភ័ក្តមកលេងវាតែងតែត្រេកអរ ហើយទោះបីជាមិត្តភ័ក្តមិនមកលេងក៏មិនគិតថាអាក់អន់ស្រពន់ចិត្តសោះឡើយ។ ទោះបីជាមិនបាច់បរិយាយក៏យើងដឹងថាដើមឈើដូចគ្នា, ដើមឈើដែលដុះនៅជិតៗគ្នាពួកវាគឺជាមិត្តភ័ក្តដ៏ល្អបំផុត។ ដើមឈើយល់ពីអារម្មណ៍គ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ ចេះយោគយល់ អធ្យាស្រ័យ និង មានសណ្តានចិត្តនិងអារម្មណ៍ដូចគ្នា។ ទោះបីបានត្រឹមតែឈរទល់មុខគ្នាក៏ដោយ ក៏វាគឺជាមិត្តពិតប្រាកដ ទោះបីជារស់នៅក្បែរគ្នាពេញមួយជីវិតក៏ដោយក៏វាមិនមានការស្អប់ខ្ពើមឬក៏ធុញទ្រាន់ជាមួយគ្នាដែរ។ ផ្ទុយទៅវិញដើមឈើប្រើកម្លាំងនិងថាមពលដែលទេវតាផ្តល់ឲ្យខ្លួនរៀងៗខ្លួនក្នុងការនបំបែកលូតលាស់មែកធាងឲ្យវែងៗធំៗ ការបញ្ចេញផ្កាឲ្យបានស្រស់ត្រកាល ការផ្តល់នូវផ្លែផលា ជាជាងការដើរលេងសប្បាយក្អាកក្អាយជាមួយមិត្តភ័ក្តិទាំងឡាយរបស់់ខ្លួន។ លើសពីនេះទៅទៀត ដើមឈើតែងតែខំប្រឺងព្យាយាមងើយទៅមើលមេឃដោយសេចក្តីរីករាយត្រេកអរ អរគុណយ៉ាងស្មោះស ព្រមទាំងកោតសរសើរនិងបួងសួងគ្រប់ពេលវេលាទៅកាន់ចំពោះទេវតាព្រះឥន្រ្ទព្រះព្រហ្មជានិច្ចុ។ ដូច្នោះហើយបានជាដើមឈើតែងតែលើកដៃចង្អុលទៅលើមេឃជានិច្ច។ នេះក៏ជាមូលហេតុដែលធ្វើឲ្យអ្នកដែលមករកព្រៃឈើដែលគ្របដណ្តប់ដោយស្លឹកឈើស៊ុបទ្រុបទាញកអាវបិទទាំងមិនដឹងខ្លួនដោយស្មារតីម៉ឺងម៉ាត់និងហ្មត់ចត់ហាក់បីដូចជាកំពុងតែដើរឳនលំទោនចូលទៅក្នុងភូមិគ្រឹះដ៏មហិមាមួយហើយបន្ទាប់មកក៏បែរត្រចៀកទៅស្តាប់សម្លេងសូត្របូជារំលឹកគុណព្រះរបស់ដើមឈើដែលលឺយ៉ាងរងំរណ្តំក្នុងព្រៃដែរ។
បើសិនជាមានអ្វីផ្សេងទៀតដែលដើមឈើចង់បាននោះ បំណងនោះគឺជាការដែលត្រលប់ប្រែក្លាយទៅជាទឹកនិងដីម្តងទៀតតាមតែព្រហ្មលិខិតចារមកបន្ទាប់ពីខ្លួនរស់នៅតាមព្រេងវាសនាដែលទេវតាប្រទានចប់សព្វគ្រប់ហើយ។ ក៏ប៉ុន្តែមនុស្សទាំងឡាយដែលដើរៗតាមផ្លូវនៅពេលដែលឃើញដើមឈើក៏យកកាំបតិមកសរសេរឆ្លាក់ចារឈ្មោះលេងតាមតែចិត្ត កាច់មែកឈើទៅប្រើប្រាស់តាមតែសេចក្តីត្រូវការរបស់ខ្លួន ពេលខ្លះក៏កាប់យកដើមទៅទាំងមូលក៏មាន។ ដើមឈើទោះបីជាយ៉ាងណាក៏ដោយក៏មិនដែលខកចិត្តនិងខឺងក្រោធអ្វីឡើយ។ បើទោះបីជាឈ្នោះដែលបានឆ្លាក់ទុកនៅលើខ្លួនត្រូវបានដក់ជាប់ហើយរីកធំធាត់ទៅតាមបំណងពួកគេហើយដើមដែលត្រូវបានគេកាប់យកទៅក៏បានប្រែក្លាយជាដងកាំបិតពូថៅដែលត្រួវយកមកកាប់ខ្លួនវិញក៏ដោយ ក៏ដើមឈើមិនដែលថាអញ្ចេះថាអញ្ចោះឡើយ។ ដើមឈើគឺជាបុគ្គលដែលចេះអត់ធនដ៏អស្ចារ្យ, ជាទស្សនវិទួឯកា, និងជាព្រឺទ្ធបុរសដែលមិនចេះលោភលន់ ពេញចិត្តនឹងអ្វីដែលខ្លួនមាន។ បើសិនទ្រឹស្តីដែលបកស្រាយអំពីកម្មនិងផលរបស់ជាតិនៃគម្ពីព្រះពុទ្ធសាសនាស័ក្តិសិទ្ធិមែននោះ, បន្ទាប់លាចាកលោកនេះទៅ ខ្ញុំចង់ចាប់ជាតិទៅជាដើមឈើ។
“គួរតែចាប់ជាតិជាដើមអ្វីទៅហ្ន៎?” តែឲ្យតែចាប់់ជាតិទៅជាដើមឈើ ទោះចាប់ជាតិជាដើមផ្កាក្រដាសឬដើមស្រល់ក៏ដោយ ក៏ខ្ញុំមិនសូញសាញដែរ។
Comments
Post a Comment