មើលឲ្យគ្រប់ជ្រុងជ្រោយ
ចក្រវាលនេះវាធំធេងណាស់។ វត្ថុឬនាមរូប អនាមរូបទាំងឡាយមានច្រើនជាអនេកប្បការ។ សូម្បីតែដើមជីដែលយើងប្រើប្រាស់ក្នុងចំណីអាហារនេះក៏វាមានច្រើនប្រភេទទៅហើយ ចុះទំរាំវត្ថុឬរបស់ដែលជាមិនមែនវត្ថុទាំងឡាយ តើវានឹងមានច្រើនប៉ុណ្ណាទៅ? យើងមិនអាចដឹងមិនអាចយល់ទាំងអស់ក៏ពិតមែន តែវាជារឿងដែលល្អសម្រាប់ជីវិតនៅពេលដែលយើងព្យាយាមយល់ព្យាយាមដឹងព្យាយាមរៀនសូត្រពីទំនាក់ទំនងរវាងវត្ថុឬអវត្ថុទាំងឡាយ។ ការស្វែងរកចំណេះដឹង ការព្យាយាមយល់ ព្យាយាមដឹងឲ្យបានច្រើននិងគ្រប់ជ្រុងជ្រោយនោះ ជាហេតុដែលនាំឲ្យមានការលះបង់នូវទុក្ខដែលបណ្តាលឲ្យកើតមានជា មោហៈគឺការដែលមានជំនឿខុស ការគិតមិនត្រឹមត្រូវ ការភ័យខ្លាច ឧបាទានដែលជាការជាប់ជំពាក់មមើមៃទៅលើអ្វីមួយ ការដែលប្រកាន់ខ្ជាប់តែម្ខាងជាដើម។ បើយើងគ្រាន់តែដឹងថាវាជាជី តែមិនដឹងច្បាស់ថាវាជាជីប្រភេទអ្វី សម្រាប់យកទៅប្រើប្រាស់ដើម្បីអ្វីនោះ យើងក៏យកវាទៅប្រើប្រាស់ខុស ហើយបើយើងដឹងយើងស្គាល់តែជីមួយប្រភេទនោះក៏យើងមិនអាចធ្វើបាននូវម្ហូបដទៃៗទៀតនោះឡើយ។ នៅពេលដែលគេនិយាយថាជីអង្កាមអាចយកទៅធ្វើជាភេសជ្ជៈសម្រាប់បរិភោគបាន អ្នកដែលស្គាល់តែជីក្រហមដែលសម្រាប់បង់ក្នុងម្ហូបឲ្យមានក្លិនឈ្ងុយនោះ ច្បាស់ជាគិតថាជារឿងអស់សំណើច ជារឿងឆ្កួតៗ ជារឿងមិនត្រឹមត្រូវជាមិនខានប្រៀបដូចជាគោមិនយល់ថាជាក្របី ក្របីមិនយល់ថាជាគោសើចចំអកឲ្យគ្នាទៅវិញទៅមក តែនៅពេលដែលអ្នកបានដឹងបានយល់ហើយនោះ អ្នកប្រាកដជាគិតថាវាជារឿងធម្មតាគ្មានអ្វីដែលគួរឲ្យអស់សំណើចនោះឡើយ។ ដូច្នេះហើយដើម្បីលះបង់នូវទុក្ខដែលបណ្តាលឲ្យកើតមានប្រការដូចដែលបានរៀបរាប់ខាងលើនោះ ចូរអ្នកស្តាប់ មិនមែនស្តាប់តែម្ខាងឬតែមួយប្រភេទ និងដោយគ្មានការពិចារណានោះឡើយ ចូរអ្នកអាន មិនមែនអានតែផ្នត់គំនិតតែមួយ ការសសេរតែមួយ ផ្នែកឬមួយប្រភេទ និងដោយគ្មានការពិចារណានោះឡើយ ចូរអ្នកមើល មិនមែនមើលតែមួយផ្នែក ឬតែម្ខាងមិនគ្រប់ជ្រុងជ្រោយនិងដោយគ្មានការពិចារណានោះឡើយ ចូរអ្នកភ្លក់ ហិតក្លិន ប៉ះ ស្វែងរកចំណេះដឹងទាំងឡាយតាមវីធីសាស្រ្តផ្សេងៗព្រមជាមួយគ្នានិងការគិតត្រិះរិះពិចារណារកហេតុនិងផលជារៀងរាល់ពេល ជាដរាបទៅអើយ។ ចំណេះដឹងគ្មានទីបញ្ចប់នោះឡើយ។
ស្មេរ: ខ្វាតប៊ុនរ័ត្
Comments
Post a Comment