បាណជាតិ(?) (១) ស្មេរ៖ ខ្វាត ប៊ុនរ័ត្

 បាណជាតិ(?) (១)

ស្មេរ៖ ខ្វាត ប៊ុនរ័ត្ន
អាត្មាបានបួសជាសាមណេរក្នុងសំណាក់ព្រះពុទ្ធសាសនាអស់កាលគម្រប់៧ថ្ងៃហើយ។ រយៈពេលនៃការបរិបត្តនូវសិក្ខាបទរបស់អាត្មាមិនមែនបានយូរប៉ុន្មានក៏ពិតមែន ក៏ប៉ុន្តែអាត្មាបានរៀនបានយល់ដឹងអំពី ព្រះធម៌ ព្រះវិន័យ ការទូន្មាន ប្រៀនប្រដៅ ការអប់រំ ការប្រោស ការមេត្តាចំពោះភាវៈ សត្វទាំងឡាយ -ល- ដែលព្រះសាម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រោសបង្រៀនដល់មនុស្សសត្វទាំងឡាយបានច្រើនគួរសមដែរ។ ប្រហែលជាការយល់នេះអាចហៅបានថា “ការត្រាស់ដឹង” ឬយ៉ាងណា? ប្រហែលជានិយាយហួសហេតុហើយមើលទៅ។ គួរនិយាយថាជាការយល់ដឹងយល់ឃើញនូវធម៌របស់ព្រះសម្មាសម្ពុទ្ធវិញ ពីព្រោះអាត្មាអញបួសរៀននូវក្នុងសំណាក់ព្រះសាសនា ធម៏និងចំណេះដឹង ការយល់ឃើញទាំងឡាយរបស់អាត្មាក៏ស្ថិតនៅក្នុងការត្រាស់ ការពន្យល់ ការទូន្មានរបស់ព្រះបរមគ្រូសម្ពុទ្ធអញ្ចឹងដែរ។ អស់កាលជាច្រើនពាន់ឆ្នាំបន្ទាប់ពីព្រះសម្មាសម្ពុទ្ធសមណគោត្តមបានត្រាស់ដឹង ក៏មានព្រះអរហនជាច្រើនអង្គបានត្រាស់ដឹងនូវព្រះនិព្វាន្តជាបន្តបន្ទាប់ និងមានព្រះអរិយសង្ឃរាប់សិបរាប់ម៉ឺនព្រះអង្គបានត្រាស់ដឹងជានបន្តបន្ទាប់ផងដែរ ក៏ប៉ុន្តែព្រះអង្គទាំងអស់នេះសុទ្ធតែត្រាស់ដឹងយល់ឃើញធម៏របស់ព្រះបរមគ្រូសម្មាសម្ពុទ្ធមិនប្រាសចាកឬក៏ចាកចេញពីធម័ពីវិន័យរបស់ព្រះសម្មាសម្ពុទ្ធឡើយ។ នេះហើយជាការយល់ឃើញធម៌ពពិតប្រាកដជាស្ពានឈានទៅកាន់និព្វាន្តពិតប្រាកដក្នុងព្រះពុទ្ធសាសនា។ បើមានជនណាដែលត្រាស់ដឹងនូវធម៌ហើយប្រាសចាកនូវធម៌ នូវវិន័យរបស់ព្រះបរមគ្រូ រួមទាំងត្រាស់ប្រាប់ទៅមហាជនថាខ្លួនប្រសើរជាងព្រះបរមគ្រូជាម្ចាស់នោះ ជននោះមិនមែនជាអ្នកត្រាស់ដឹងក្នុងសំណាក់ព្រះពុទ្ធសាសនាឡើយ គេអាចជាសាសនាដទៃដែលមិនមែនជាសាសនារបស់ព្រះសាស្តាសមណគោត្តមបរមគ្រូឡើយ តែអាត្មាក៏មិននិយាយមិនហ៊ានអារកាត់ថាជនទាំងនោះឬធម៌របស់ជនទាំងនោះខុសឆ្គងឬក៏មិនត្រឺមត្រូវនោះឡើយ ព្រោះព្រះអង្គព្រះសមណគោត្តមទ្រង់ត្រាស់បង្គាប់មិនឲ្យមើលងាយឬបន្ទាបធម៌នៃជនដទៃ ឬសាសនាដទៃឡើយ។ ប៉ុន្តែបើធម័ទាំងនោះនាំមកនូវទុក្ខ នាំមកនូវវេទនា នាំមកនូវអកុសល ធ្វើឲ្យប៉ះពាល់ដល់សត្វដទៃទាំងឡាយនោះ អាត្មាផ្ទាល់ខ្លួនសុំនិយាយថាវាជាធម៌មិនត្រឹមត្រូវឡើយ។
ការបៀតបៀនដល់មនុស្សសត្វនិងជិវិតដទៃវាប្រាសចាកទៅហ្នឹងការទូន្មានរបស់ព្រះសម្មាសម្ពុទ្ធដែលទូន្មានថា “បាណាតិបាតា វេរមុណី”ដែលមិនឲ្យបំពានបៀតបៀនដល់ជីវិតសត្វទាំងឡាយឡើយ។ ពាក្យថា “បាណា” នៅក្នុងវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត មានន័យថា ខ្លួនប្រាណរបស់សត្វ ឬ ក៏ពួកសត្វល្អិតផ្សេងៗដូចជា ស្រមោច ដង្កូវ មូស ជាដើម។
និយាយអំពីពួកស្រមោចនេះ កាលពីអាត្មាទើបបួសបានមួយថ្ងៃ ព្រះគ្រូចៅអធិការវត្តឲ្យអាត្មាមកគង់នៅកុដិថ្មមួយដែលនៅក្បែរអណ្តូងទឹកដែលមានភក់ជ្រាំបន្តិចបន្តួចដែលជាទីជំរោគសត្វស្មោគ្រោកទាំងឡាយ។ មុនដំបូង ក្នុងកុដិមិនអទាន់មានសត្វស្រមោចឡើយ មានតែពពួកសត្វជីងចក់ កន្លាតដែលវាចូលចិត្តរស់នៅកន្លែងស្តុកៗ ខុសពីពពួកស្រមោចនេះ។ ថ្ងៃក្រោយបន្ទាប់ពីអាត្មាឆាន់ចង្ហាន់ត្រង់ហើយ អាត្មាក៏គាស់ទឹកកូកាកូឡាដើម្បីផឹក តែអាត្មាផឹកមិនអស់ក៏នៅសល់ទុកចោលលើឥដ្ឋការ៉ូហើយក៏សិងទៅ។ លុះព្រឹកឡើងស្រមោចក៏មកចោមរោមកំប៉ុងទឹកកូកាដែលអាត្មាប្រហែលបើកទុកចោលនោះឡើងពេញជាច្រើនក្រហមសន្ធោសន្ធៅ ខ្លះក៏មកតាមគ្នាជាជួរៗវែងអន្លាយប្រៀបដូចជាការដង្ហែរក្បួនព្រះមហាក្សត្រស្តេចផែនដី។ ឃើញដូច្នោះអាត្មាក៏លើកយកទឹកកូកានោះចេញទៅក្រៅ បោះចោលទៅកន្លែងដែលសមគូរហើយ ប្រហែលមួយម៉ោងក្រោយមក ពួកស្រមោចដែលតាមរោមនំចំណី ឬរបស់ដែលមនុស្សទុកប្រហែសចោល ក៏ចេញពីកុដ្ដិអាត្មាអស់ទៅ។ ពពួកស្រមោចនេះវាជាប្រភេទសត្វដែលមិនចង់ប៉ះពាល់យារយីនរណាឡើយ វាតែងតែរោមជាតិផ្អែមឬប្រយោជន៍ដែលជនដទៃទុក្ខប្រហែលចោលកណ្តាលទីទៃ បើអ្នកមិនទុករបស់របរនោះប្រហែសចោលនោះទេ ពពួកសត្វស្រមោចនេះវាក៏មិនមកយាយីដល់អ្នកឡើយ។ តែបើអ្នកដើរជាន់ឬប៉ះពាល់ស្រមោចហើយនោះ នោះស្រមោចក៏នឹងមកខាំអ្នកជាមិនខាន។ ដូច្នេះហើយ ចូរអ្នកកុំទៅរករឿងពួកស្រមោចឬក្រៀវក្រោធដាក់ពួកវាអី បើយើងមិនប្រហែសទេ ស្រមោចក៏មិនមកបៀតបៀនដល់ខ្លួនយើងឡើយ។ មនុស្សក៏ដូចសត្វ សត្វក៏ដូចមនុស្ស។ មានមនុស្សមួយពួកដែលមាននៅក្នុងសង្គមសព្វថ្ងៃនេះ មានលក្ចណៈជាតិដូចជាពពួកស្រមោចនេះឯង ពួកប្រភេទនេះរត់តាមរកតែរបស់ដែលមានប្រយោជន៍ទាំងឡាយណាដែលគេទុកចោលហើយឬក៏ផ្តល់ឲ្យហើយ មិនដែលបណ្តាលឲ្យនរណាម្នាក់ឈឺចាប់ដោយសារគេឡើយ គ្រាន់តែពេលខ្លះពួកប្រភេទនេះធ្វើឲ្យយើងខ្វល់ខ្វាយចិត្តខ្លាចពួកវាមកខាំ ក៏ប៉ុន្តែប្រសិនបើអ្នកដែលទៅរករឿងរកហេតុដាក់ពួកគេមុនហើយ នោះទើបគេបកត្រឡប់មកវាយប្រហារវិញអញ្ចឹងហោង។ ដូច្នោះហើយ ដើម្បីទប់ទល់ជាមួយពពួកមនុស្សស្រមោចនេះ ចូរអ្នកគប្បីកុំទុកវត្ថុ ឬរបស់របរធ្វេសប្រហែសឲ្យសោះឡើយ ចូរអ្នកបិទលាក់ឲ្យជិតនូវជាតិផ្អែមដែលជាប្រយោជន៍និងភាពទាក់ទាញចំពោះពពួកនេះ។
បើនិយាយពីពពួកមូសវិញ វាខុសពីស្រមោចឆ្ងាយណាស់ ទោះពួកប្រភេទទាំងពីរពួកនេះវាធ្វើឲ្យយើងរមាស់ឈឺចុកចាប់ពើតផ្សារដូចគ្នាក៏ពិតមែន តែពពួកមូសនេះជាពួកសាហាវឃោរឃៅមិនលើកលែងមនុស្សសត្វឬតិរច្ឆានណាមួយឡើយ។ ទោះបីជាយើងមិនបានបះពាល់វាក៏ដោយក៏វាតែងតែមកតាមបឺតក្រេបជញ្ជក់ឈាមពីយើងដែរឲ្យតែពួកវាឃ្លានពួកវាត្រូវការ។ ដូចការរៀបរាប់ពីខាងលើ នៅក្បែបន្ទប់អាត្មានេះមានអណ្តូងទឹកដែលព្រះសង្ឃក៏ដូចជាកូនសិស្សដែលស្នាក់អាស្រ័យនៅទីនេះមកងូតទឹកហើយទឹកក៏ដក់ក្លាយជាភក់ជ្រាំទៅ។ ហេតុដូច្នេះហើយបានជាបន្ទប់អាត្មា គឺពោរពេញទៅដោយពពួកមូសច្រើនលើសលប់ឥតគណនាមកតាមយារយីរ។ មិនត្រឹមតែក្នុងបន្ទប់អាត្មាទេ សូម្បីតែបរិវេណវត្តគ្រប់ទទីកន្លែងក៏សម្បូរហូរហៀរទៅដោយពួកមូសនេះដែរ។ ក៏ប៉ុន្តែយើងគួរគម្បីតែពិចារណាថា តើពពួកមូសចិត្តតិរច្ឆាននេះវាមានប្រភពកំណើតមកពីណា ហើយតើបរិស្ថានដូចម្តេចដែលពពួកមូសនេះមិនអាចរស់នៅបាន ដើម្បីនឹងបានរួចផុតពីការបឺតជញ្ជក់ឈាមដ៏ព្រៃផ្សៃអំពីពពួកមូសនេះបាន។ តាមអ្វីដែលអាត្មាដឹង គឺពពួកមូសនេះវាមានកំណើតនៅតាមទីដែលមានភក់ជ្រាំនិងទឹកដែលជាទីកន្លែងស្មោកគ្រោគ ហើយវាមិនអាចហើរ ឬផ្លាស់ទីបានឡើយនៅពេលដែលមានខ្យល់បក់។ ដូច្នេះហើយដើម្បីកំចាត់ពួកមូសកុំឲ្យមានកកើតជាកំណើតបានគឺមានតែលុបបំបាត់កន្លែងភក់ជ្រាំស្មោកគ្រោកនេះ ពីព្រោះទីដែលសំបូរទៅដោយតំបន់ស្មោកគ្រោក គឺជាទីដែលសំបូរទៅដោយមូស។ កាលណាពពួកមូសនេះបានកកើតជាជាតិហើយ យើងមិនអាចសម្លាប់បានឡើយពីព្រោះវាជាវិន័យរបស់ព្រះសម្ពុទ្ធ ប៉ុន្តែយើងអាចបង្ការកុំឲ្យមូសកកើតជាជាតិច្រើនព្រោះជាតិការកើតនេះវាបង្កើតបានជាទុក្ខជាឈឺហើយព្រាត់ប្រាស់មរណៈនៅទីបំផុត។ មនុស្សក៏ដូចសត្វ ឯសត្វក៏ដូចមនុស្ស។ មនុស្សមួយពពួកក៏ប្រៀបបានទៅនឹងពពួកមូសនេះ ជាពពួកដែលដើរស៊ីសាច់ហុតឈាម កេងប្រវញ្ញឥតមានការពិចារណាឬក៏មេត្តាអ្វីឡើយ ពពួកមនុស្សប្រភេទនេះក៏វាដូចជាពួកមូសដូច្នោះដែរ ទីកន្លែងណា ស្រុកទេសណា តំបន់ណាដែលមានបរិស្ថានសំបូរទៅដោយភាពស្មោគគ្រោក ភាពស្អុយរលួយ ភាពក្រីក្រវេទនា -ល- ទីកន្លែងនោះឯងជាទីកន្លែងដែលសំបូរដោយពពួកមនុស្សបែបនេះ។ ដូចដែលបានរៀបរាប់ខាងលើដូច្នោះដែរ យើងមិនអាចសម្លាប់ជីវិតពពួកមនុស្សមូសនេះបានទេ ព្រោះវាជាអំពើបាប តែយើងត្រូវបំផ្លាញទីជំរកដែលផ្តល់កំណើតឲ្យពពួកមនុស្សមូសនេះ គឺមានជាអាថ៏ ដោយការលប់បំបាត់ទីស្មោគកគ្រោគ ស្អុយរលួយ ភាពក្រីក្រ ភាពវេទនានេះឯងហោង។
សរសសេរមកក៏ច្រើនណាស់មកហើយ ជំពូកមនុស្សសត្វច្រើនប្រភេទច្រើនអនែកណាស់។ តែសូមនិយាយតែពពួកស្រមោចនិងពពួកមូសប៉ុណ្ណេះសិន ព្រោះញោមញាតិភាគច្រើនដែលបានឃើញអក្សរដ៏ស្គុញស្គះនេះហើយ ក៏កើតជាសេចក្តីខ្ចិលច្រអូសមិនចង់អានមិនចង់មើល នេះក៏ជាប្រភេភមនុស្សលោកមួយដែរ។ ចំណែកជនដែលស្វាធ្វាយនូវបញ្ញាតែងតែឧស្សាហ៍អានឧស្សាហ៍ស្តាប់នូវការអប់រំ ការទូន្មានរបស់អ្នកផងទាំងឡាយ ទោះត្រូវមិនត្រូវ ពិតឬមិនគិត ក៏គង់តែនឹងយកទៅពិចារណាតាមការគួររៀងៗខ្លួន។ ដូច្នេះហើយ សរុបសេចក្តីមក វិធីសម្លាប់ពពួកមូស ពពួកស្រមោចនោះ គឺមិនមែនជាវិធីដ៏ល្អនោះឡើយ។ ចូរអ្នកទាំងឡាយលប់បំបាត់សេចក្តីអាក្រក់ទាំងឡាយដោយបញ្ញា មិនមែនដោយភាពឃោរឃៅ ភាពព្រៃផ្សៃ ឬដោយក្តីទោសៈណាមួយដោយឥតមានក្តីពិចារណានោះឡើយ។ បើអ្នកប្រព្រឹត្តបាននូវបញ្ញានិងមេត្តានោះ អ្នកនិងដល់នូវសេចក្តីសុខគឺសេចក្តីស្ងប់មិនខាន។ ឯវំ៕

Comments

Popular posts from this blog

ខ្ញុំក្រ