អង្កត់ឧស
អ្នកទាំងឡាយប្រហែលជាមិនទាន់ដឹងពីអត្ថន័យនៃឈ្នោះរបស់ខ្ញុំទេមើលទៅ។ នាមរបស់ខ្ញុំជាភាសាខ្មែរគឺហៅថា "ប៊ុនរ័ត្ន"។ តាមពិតទៅ តាមដែលខ្ញុំដឹង ឈ្មោះរបស់ខ្ញុំគឺត្រូវបានតាំងចាត់ចែងឡើងដោយកុងតួតរបស់ខ្ញុំដែលមានព្រះនាមថា "កោះសាយ" គឺគាត់តែងតាំងទៅតាមហេតុដែលថា មានសេដ្ឋីម្នាក់ដែលរ់នៅប្រចាំស្រុកតំបន់ដែលខ្ញុំដល់កំណើត សេដ្ឋីនោះមាននាមថា "រដ្ឋ" ជាអ្នកមានជាងគេហើយជាជនសប្បុរសធម៌ជាងគេ ដូច្នោះហើយគាត់ក៏សម្រេចដាក់ឈ្នោះរបស់់ខ្ញុំឲ្យស្រដៀងនឹងឈ្នោះសេដ្ឋីនោះទៅ។ តែជាក់ស្តែងឈ្នោះសេដ្ឋី "រដ្ឋ" និង ឈ្នោ"រ័ត្ន"របស់ខ្ញុំគឺមានន័យខុសគ្នាស្រលះ។ ពាក្យ"រ័ត្ន"របស់ខ្ញុំ តាមវចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាត គឹមានន័យថា ធម្មជាតិដែលញុាំងឲ្យប្រសើរ ឲ្យរីករាយដែលមានដូចជាមាស ពេជ្យ កែវកង ព្រែព្រឹក្សាលត្តាវល្លិទាំងឡាយ ឬមានន័យថាធម្មជាតិដ៏ប្រសើរវិសេស មនុស្សដ៏មានសេចក្តីចម្រើនពិសេស។ ចំពោះឈ្នោះ "ប៊ុនរ័ត្ន" នេះ ក៏អាចសរសេរទៅតាមភាសាចិនបុរាណ(ភាសាហាន់) ដែលសរសេរថា "本然" បើយើងគិតជាភាសាចិន ភាសាជប៉ុន និង ភាសាកូរ៉េបច្ចុប្បន្នគឺមានន័យថា ជាលក្ខណៈដើមនៃធម្មជាតិ ឬ ភាពដើមភាពពិតជាក់លាក់របស់ធម្មជាតិដែលគ្មានការប្រែប្រួល។ ប្រហែលជាកុងរបស់ខ្ញុំគាត់ដឹងមុនថាខ្ញុំជាអ្នកស្នេហាជាមួយធម្មជាតិហើយ បានជាគាត់ដាក់ឈ្នោះដ៏មានន័យវិសេសមកឲ្យខ្ញុំ។ តាំងពីតូចដល់កាលពេញវ័យឥឡូវ ខ្ញុំតែងតែស្រលាញ់ ចូលចិត្តធម្មជាតិ ហើយតែងតែសិក្សានិងស្រាវជ្រាវអំពីជីវិតធម្មជាតិទាំងឡាយមកដល់សព្វថ្ងៃ។
ចាប់តាំងពីត្រលប់មករស់នៅស្រុកខ្មែរវិញ ដូចជាមិនសូវមានពេលដើរលេងប្រឡែងជាមួយធម្មជាតិឡើយ ទោះមានជាតិជាអ្នកស្នេហាធម្មជាតិក៏ដោយ ក៏ប៉ុន្តែប៉ុន្មានខែបន្ទាប់ពីបញ្ចប់បរិញ្ញាប័ត្រអក្សរសាស្រ្តកូរ៉េមក ក៏មានពេលឈ្លាតទៅដើរកំសាន្តសួរសុខទុក្ខធម្មជាតិទាំងឡាយ។ ជាទូទៅភាគច្រើន ខ្ញុតែតែដើរឡើងភ្នុំ ជួយកុមារដែលរស់នៅតំបន់ភ្នំដាច់ស្រយាល ក៏ប៉ុន្តែដោយសារតែជំងឺកូវិដ១៩បានវាយឡុកពិភពលោក ក្រុមការងារសប្បុរធ៌របស់យើងក៏ផ្កាកដំណើរការ សង្ឃឹមថានននឹងបានបើកដំណើរការវីញឆាប់ៗនេះព្រោះនឹកក្មេងៗនិងបងៗដែលរសនៅតំបន់ដាច់ស្រយាលខ្លាំងណាស់។ ជំនួសឲ្យការជួបជុំគ្នាដែលជាហេតុនាំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ខ្ញុំនិងមិត្តភក្តិជិតស្និត៣នាក់ទៀតសម្រេចចិត្តបន្តដំណើរផ្សងព្រេងជាមួយធម្មជាតិនេះបន្តទៅទៀត ដោយការបោះតង់និងឡើងភ្នំដែលដាច់ស្រយាលទាំងឡាយដែលមាននៅក្នុងប្រទេសកម្ពុជា ដើម្បីជាការស្រាវជ្រាវភូមិសាស្រ្តរបស់ប្រទេសកម្ពុជា ដើម្បីជាការកំសាន្តនិងសម្រាកលំហែ ក៏ដូចជាដើម្បូីជាការប្រាស្រ័យទាក់ទងជាមួយនិងធម្មជាតិ ល។
ពេលទៅបោះតង់ម្តងៗ ពួកយើងក៏តែងតែរកអង្កត់ឧសមកដុតទុកដដើម្បីបំភ្លឺ ក៏ដូចជាទុកសម្រាប់ចម្អិនអាហារនិងការពារសត្វព្រៃសាហាវឃោរខៅទាំងឡាយ។ អង្កត់់់ឧសទាំងនោះពួកយើងបានទៅរកនៅតាមទីតំបន់ផ្សេងៗគ្នា មានទីជីតនិងទីឆ្ងាយ ខ្លះនៅតាមដើម ខ្លះងាប់កប់ក្នុងដី ខ្លះទៀតក៏មានប្រវែងវែង ខ្លះទៀតក៏ខ្លី ខ្លះក៏សើម ខ្លះក៏ស្ងួតដោយសារតែនៅគរឆ្ងាយអំពីសំណើម។ អង្កត់់ឧសដែលពួកយើងរកបាននេះក៏មានធាតុ មានសណ្ខាន និងប្រភេទខុសៗគ្នាណាស់ ប្រៀបដូចជាសត្វត្រីដែលវាមានប្រភេទនិងក្រុមៗផ្សេងៗគ្នាដូច្នោះដែរ។ កាលបើយើងដុតឧសទាំងនេះហើយ ឧសខ្លះវាក៏ឆេះសន្ធោរសន្ធៅដោយសារតែវាមានជាតិប្រេងដែលនាំឲ្យមានចំហេះ រីឯឧសខ្លះទៀតក៏មិនសូវជាឆេះតែក៏ខិតខំប្រឹងឆេះឲ្យអស់ពីសមត្ថភាព ហើយឧសមួយចំនួនទៀតហេតុតែខ្លួនដេកទាមនៅដីមានជាប់ជាមួយដំណក់សើមសំណើមទឹករៀងរាល់ថ្ងៃទោះបីជាចង់ឆេះឲ្យសន្ធោរសន្ធៅដូចគេក៏មិនបាន បានត្រឹមតែឆេះអុីវៗតិចៗទៅតាមកម្មតាមកម្លាំង តែវាមានប្រភេទឧសមួយចំនួនទៀតដែលមានប្រេងអាចនឹងឆេះបានលឿនជាងគេហើយ តែមិនព្រមឆេះនោះឡើយ។ ប្រភេទមនុស្សក៏ដូចពពួកឧសទាំងនេះហោង។ ពេលដែលបានដុតឧសទាំងនេះឆេះបានជាភ្លើងហើយ ពួកយើងដែលជាអ្នកត្រាចរក្នុងព្រៃកគិតតែពីដុត មិនដឹងថាអាឧសណាឆេះអស់ឬមិនអស់ឡើយ ទុកឲ្យវាឆេះតាមតែធម្មជាតិរបស់វាទៅចុះ។ លុះព្រឹកព្រាងព្រហ៊ាមព្រះសុរិយា ពួកយើងត្រូវចាកចេញពីព្រៃនេះក៏ត្រូវទៅពន្លត់ភ្លើងទាំងនេះ ដើម្បីកុំឲ្យវាឆេះរាលទៅដល់ធម្មជាតិព្រៃព្រឹក្សាទាំងឡាយ។ លុះពេលដែលពួកយើងពន្លត់ហើយ ក៏យើងសង្កេតឃើញមានឧសខ្លះក៏ឆេះអស់រលាយសូម្បីផេះផង់ក៏មើលមិនឃើញ រីឯឧសខ្លះទៀតឆេះអស់ដែរតែមើលទៅក៏ឃើញមានស្មាមផេះដក់ជាប់ដែលអាចអោយយើងដឹងថាកាលមុនវាជាអង្កត់ឧស ហើយឧសខ្លះទៀតឆេះអស់ដែរតែនៅសល់ធ្យូងបន្សល់ជាដានយ៉ាងច្បាស់ក្រឡែត ហើយឧសមួយចំនួនទៀតនោះក៏ឆេះមិនអស់ ខ្លះនៅសល់វែង ខ្លះនៅសល់ខ្លិ ខ្លះទៀតមិនទាន់បាននិងឆេះបន្តិចផងក៏ត្រូវរលត់ហេតុតែកម្មដែលខ្លួនបានសាងមក។ នេះជារូបភាពនៃលទ្ធផលបន្សល់ពីចំហេះដែលពួកយើងបានដុត។
បើយើងបកស្រាយទៅតាមអាណាចក្រនោះអង្កត់ឧសក៏មានន័យដូចទៅនឹងជាតិជាមនុស្សដែលមានសង្គមយើងអញ្ចឹង។ អង្កត់ឧសដែលមានប្រេងនេះវាប្រៀបដូចជាអ្នកដែលកើតមកហើយមានទ្រព្យសម្បត្តិមានគ្រួសារមានយសមានសក្តិ មានបរិវាឆ្វេងស្នាំបើខខិតខំប្រឹងឲ្យជោគជ័យនោះក៏វាមានឳកាសបានជោគជ័យលឿនរហ័សប្រៀបដូជជាឧសដែលមានជាតិប្រេងៗហើយត្រូវបានដាក់ជាមួយភ្លើងដូច្នោះហោង។ រីឯឧសដែលគ្មានប្រេងហើយខំប្រឹងឆេះនោះ វាក៏ប្រៀបបានទៅនឹងមនុស្សដែលកើតមកដៃទទេគ្មានសក្តិគ្មានយសតែខំប្រឹងឥតគ្មានពេលស្រាកស្រានដើម្បីបានជោគជ័យមិនបានបន្ទោសលើព្រេងវាសនាឬខឹងឃោរនឹងគ្រួសារដែលបង្កើតខ្លួនក្នុងភាពក្រីក្រឡើយ។ ចំណែកមនុស្សមួយចំនួនទៀតនោះក៏ប្រៀបបានទៅនឹងឧសសើមដែលពិបាកនឹងឆេះណាស់ ទោះខំប្រឹងប្រែងប៉ុណ្ណាក៏ពិបាកនឹងអទទួលបានជោគជ័យក៏ដោយសារតែខ្លួនកើតមកក្នុងបរិស្ថាននិងសង្គមដែលមិនងាយនឹងទទួលបានជោគជ័យ។ ហើយក៏វានៅសល់ប្រភេទមនុស្សដែលមានជាតិប្រេងហើយមិនខំប្រឹង ហើយនិងមនុស្សដែលស្ថួតល្មមនឹងឆេះសន្ធោរសន្ធៅនិងគេដែរតែគ្មានការខិតខំប្រឹងប្រែងក៏មិនបានជោគជ័យក្នុងការឆេះដូច្នោះទៅហោង។ សាកគិតទៅមើលថា ខ្លួនអ្នកដែលកំពុងអាននេះស្ថិតនៅក្នុងប្រភេទមួយណា?
ម្យ៉ាងវិញទៀតអង្កត់ឧសនេះវាប្រៀបបានទៅនឹងជីវិតមនុស្សម្នាក់ៗ ឆេះដល់ត្រឹមណា រលត់ត្រឹមណាក៏ត្រឹមហ្នឹង គ្មានពាក្យអ្វីដែលមកតវ៉ាប្រឆាំងទៀតបានឡើយ។ ភាពជោគជ័យគឺប្រៀបបានទៅហ្នឹងចំហេះឧសគ្មានសល់ អ្នកខ្លះមិនទាន់បានជោគជ័យក៏ត្រវរលត់បាត់សង្ខារទៅបន្សល់ទុកនូវសេចក្តីសោកស្តាយទាំងឡាយប្រៀបដូចជាឧសដែលឆេះមិនទាន់អស់ក៏ត្រូវបានរលត់ចាកបាត់ទៅ បន្សល់ទុកនូវសេចក្តីមិនអស់អាល័យរងចាំការឆេះជាចំហេះបន្តទៀតនៅជាតិៗមុខ។ ដូច្នោះហើយជីវិតដែលយើងប្រៀបប្រដូចទៅហ្នឹងអង្កត់ឧសនេះ វាមិនទៀងទាត់មិនច្បាស់លាស់និងមិនអាចកំណត់បាននោះឡើយ ដូច្នេះហើយបើយើងគិតថាពេលយើងបានទទួលជោគជ័យចាំយើងគិតធ្វើការសងគុណនិងអំពើល្អទៅកាន់អ្នកមានគុណនិងមនុស្សជុំវិញ យើងប្រាកដជាស្តាយក្រោយមិនខានព្រោះមិនដឹងថាឧសរបស់យើងរលត់ពេលណា ហើយឧសរបស់អ្នកដែលនៅជុំវិញរលត់ពេលណា យើងមិនដឹងនោះឡើយ។ អ្នកដែលដុតឪ្យយើងបើតាមសាសនាដទៃគេថាជាព្រហ្មលិខិតឬការកម្រិតរបស់ព្រះ តែពេលខ្លះគេដុតទុកចោលហើយ ឧសដែលវានៅឆ្ថាយឆេះមិនអស់ក៏មិនអស់ឡើយទោះបីជាអ្នកដុតមិនបានទៅចាក់ទឹកពន្លត់ក៏ដោយ ក៏វានឹងត្រូវរលត់ឯកឯងហោង។ ចូរអ្នកខិតខំផ្តល់ក្តីស្រលាញ់ស្មោះត្រង់ចំពោះអ្នកដែលនៅជុំវិញខ្លួនកុំឲ្យមានការស្តាយក្រោយ។
ជាទីបញ្ចប់ យើងក៏អាចប្រៀបប្រដូចឧសនេះទៅហ្នឹង "ជាតិ"ដែលមានចែងនូវក្នុងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ េពាក្យថា "ជាតិ" គឹសំដៅលើការចាប់បដិសន្ធិជាសត្វ ជាមនុស្ស ឬជាភាវៈផ្សេងៗដែលវិលវល់នៅក្នុងវដ្តសង្សារ។ ជាតិវាកើតឡើងមកអំពីអវិជ្ជាការដែលមិនដឹងមិនយល់។ "ជាតិ"នេះវាប្រៀបបានទៅនឹងអង្កត់ឧសនេះឯងហោង។ អង្កត់ឧសដែលឆេះខ្ទេចខខ្ទីអស់គ្មានសល់ជារូចជាតិឧសនេះ ប្រៀបបានទៅហ្នឹងព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំងឡាយដែលោកបានលាចាកបង់អស់នូវបាបនូវកម្មនូវអំពើដែលនាំឲ្យជាប់ជំពាក់ក្នុងភពហើយក៏រលត់សូន្យឈឹងទៅកាន់ព្រះនិព្វានគ្មានសេចក្តីទុក្ខសោកទៀតឡើយ។ ឯឧសដែលឆេះមិនទាន់អស់នោះគ៏ប្រៀបដូចជាជាតិដែលមានកម្មពារវេរាជាប់ជំពាក់ជាតិនេះហើយ ត្រូវចាំចំហេះនៅជាំតិក្រោយទៅទៀត។ អង្កត់់់ឧសដែលឆេះនៅសល់ទាំងនេះ ត្រូវតែយកភ្លើងឬឧសដែលមានភ្លើងយកមកដាក់ដើម្បីឲ្យឆេះតទៀត ប្រៀចដូចជាការកើតនូវជាតិថ្មីដើម្បីនឹងមានឳកាសដុតកម្លោចនូវកម្មនៃជាតិចាស់ដូច្នោះហោង។ តែបើឧសថ្មីដែលយកមកដុតហើយនូវតែមិនព្រមឆេះអស់ វាក៏ត្រូវការភ្លើងថ្មីយកមកដុត ដុតហើយដុតទៀត ប្រៀបបានទៅហ្នឹងជាតិនៃពោធិសត្វដែលត្រូវរងទុក្ខវេទនារាប់ពាន់ជាតិទម្រាំបានត្រាស់ដឹងបានសម្រេចទៅកាន់ព្រះនិព្វាន។ ដូច្នេះហើយអ្នកដែលជាពុទ្ធសាសនិកទាំងឡាយ ចូរអ្នកខិតខំដុតកម្លោចឲ្យខ្ទេចនូវអំពើដែលនាំឲ្យឪសមិនឆេះ អំពើដែលនាំឲ្យមានកម្មវិលវល់ក្នុងវដ្តសង្សារនេះ ដើម្បីបានសម្រេចទៅកាន់ព្រះនិព្វាន។ បើកាលណារូបជាឧសដែលប្រៀបបាននឹងកម្មរបស់បុគ្គលម្នាក់ៗនេះនូវមានតិច ពេលដុតពេលក្រោយ មិនចាំបាច់ត្រូវការភ្លើងខ្លាំងឬឧសធំឡើយ វានឹងងាយឆេះទៅអស់លឿនមិនខាន។
អូ! ឧសខ្ញុំដុតចោលនៅខាងក្រៅតង់ មិនដឹងឆេះប៉ុណ្ណាហើយទេ។ ប្រហែលមិនខុសពីអ្វីដែលខ្ញុំរៀបរាប់ពីលើនោះទេ ព្រោះបោះតង់់ច្រើនដងហើយវាតែងតែអញ្ខឹងរហូត។

Comments
Post a Comment